(ម៉ានីល)៖ ប្រទេសហ្វីលីពីន បានរាយការណ៍ពីករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២,២៦១ករណីនៅថ្ងៃព្រហស្បតិ៍នេះ ដោយធ្វើឱ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេស កើនឡើងដល់ ៣៤៨,៦៩៨ករណី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២០។
នាយកដ្ឋានសុខាភិបាលហ្វីលីពីន (DOH) បានប្រកាសឲ្យដឹងថា ចំនួនអ្នកជាសះស្បើយបានកើនឡើងដល់ ២៩៤,១៦១នាក់ បន្ទាប់ពីមានអ្នកជំងឺ៣៨៥នាក់បន្ថែមទៀត ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ ទន្ទឹមគ្នានេះដែរ មនុស្ស៥០នាក់ បានស្លាប់ ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៦,៤៩៧នាក់។ រហូតមកទល់ពេលនេះ DOH បានធ្វើតេស្តរកជំងឺ COVID-19 លើមនុស្សច្រើនជាង ៤លាននាក់នៅក្នុងប្រទេសហ្វីលីពីន ដែលមានប្រជាជនប្រហែល១០៩លាននាក់។
គួរបញ្ជាក់ថា ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានថ្លែងសុន្ទរកថាតាមទូរទស្សន៍កាលពីយប់ថ្ងៃពុធសប្តាហ៍នេះថា រដ្ឋាភិបាលបានធានា នូវប្រភពថវិកាសម្រាប់ ទិញវ៉ាក់សាំងប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ។ បើតាមលោក ឌូតឺតេ ពលរដ្ឋដំបូងដែលនឹងទទួលវ៉ាក់សាំងគឺ ជនក្រីក្រ, ក្រុមអ្នកប្រយុទ្ធជួរមុខរួមមានសមាជិកប៉ូលិស និងយោធាក៏ត្រូវបានផ្តល់អាទិភាពផងដែរ ហើយលោកមានទំនុកចំពោះវ៉ាក់សាំងដែលកំពុងអភិវឌ្ឍដោយប្រទេសប្រទេសចិន និងរុស្ស៊ី ខណៈហ្វីលីពីនក៏ទំនងជាទិញវ៉ាក់សាំង ពីប្រទេសទាំងពីរនេះផងដែរ៕