(វ៉ាស៊ីនតោន)៖ ក្រុមអ្នកវាយប្រហារតាមប្រព័ន្ធអ៉ីនធើណិត ឬ Hackers គាំទ្រដោយរដ្ឋាភិបាលរុស្ស៊ី បាននិងកំពុងព្យាយាមវាយប្រហារផ្នែកព័ត៌មានវិទ្យា លើបណ្ដាញកំព្យូទ័ររបស់រដ្ឋបាលតាមតំបន់ និងរដ្ឋាភិបាលសហព័ន្ធអាមេរិកតែម្តង ដោយលួចបានយកទិន្នន័យសំខាន់ៗចំនួនពីររួចទៅហើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០។
ទីភ្នាក់ងារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍ខាងលើនេះ ដោយផ្អែកលើគេហទំព័រទីភ្នាក់ងារហេដ្ឋារចនាសម្ព័ន្ធសន្តិសុខ និងសន្តិសុខព័ត៌មានវិទ្យា នៃក្រសួងសន្តិសុខមាតុភូមិអាមេរិក។ ទីភ្នាក់ងារអាមេរិកមួយនេះបានឱ្យដឹងទៀតថា ក្រុម Hackers រុស្ស៊ីខាងលើមានឈ្មោះថា ប៊ឺសឺក ប៊ែរ (Berserk Bear) ឬ ដ្រាហ្គន់ហ្វ្លាយ (Dragonfly) បានវាយប្រហារផ្នែកព័ត៌មានវិទ្យា ទៅលើបណ្ដាញកំព្យូទ័រជាច្រើនរបស់រដ្ឋាភិបាលអាមេរិក រួមទាំងបណ្ដាញអាកាសចរណ៍ស៊ីវិលផងដែរ។
ក្រុម Hackers ទាំងនេះបានចូលក្នុងប្រព័ន្ធបណ្ដាញ (networks) កាលពីដើមខែតុលាកន្លងទៅ និងបានលួចយកទិន្នន័យសំខាន់ៗចំនួនពីរដោយជោគជ័យ។ ទោះជាយ៉ាងណា ទីភ្នាក់ងារដដែលមិនបានបញ្ជាក់លម្អិត ពីទិន្នន័យនេះទេ រីឯស្ថានទូតរុស្ស៊ីប្រចាំទីក្រុងវ៉ាស៊ីនតោន ក៏មិនទាន់បានធ្វើការអត្ថាធិប្បាយអ្វីដែរ។
គួរជម្រាបថា នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិអាមេរិក លោក ចន រ៉េតឃ្លីហ្វ (John Ratcliffe) កាលពីថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ក៏ធ្លាប់បានចោទប្រកាន់ប្រទេសរុស្ស៊ី និងអ៊ីរ៉ង់ដែរថា បាននិងកំពុងព្យាយាមជ្រៀតជ្រែកក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅថ្ងៃទី០៣ ខែវិច្ឆិកាខាងមុខនេះ។ បើតាមប្រភពរដ្ឋាភិបាលអាមេរិក លោក Ratcliffe បានសំដៅទៅលើអ៊ីមែលដែលត្រូវបានផ្ញើនៅថ្ងៃពុធសប្ដាហ៍នេះ ដោយត្រូវបានគេធ្វើឡើងដើម្បីឲ្យមើលទៅ ដូចជាក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ។ អ៊ីមែលទាំងនោះ កំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ ដោយប្រភពស៊ើបការណ៍មួយបាននិយាយថា គេនៅមិនទាន់ច្បាស់ថា នរណាជាអ្នកនៅពីក្រោយរឿងនេះនៅឡើយទេ៕