(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោក បា្រយុទ្ធ ចាន់អូចា នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានប្រកាសលុបចោល «បទបញ្ជាដាក់ប្រទេសក្នុងគ្រាអាសន្ន» រួមទាំង បទបញ្ជាពាក់ព័ន្ធដទៃទៀត ដោយមើលឃើញថាស្ថានភាពអំពើហិង្សាបានបិទបញ្ចប់។ ក៏ប៉ុន្តែ ក្រុមបាតុករថៃ នៅតែបន្តធ្វើតាមបាតុកម្មទាមទារឱ្យលោកចុះចេញពី តំណែងដដែល ដោយទុកពេលឱ្យអតីតមេដឹកនាំយោធារូបនេះ ០៣ថ្ងៃ ដើម្បីរៀបចំចុះចេញពីតំណែង បើមិនដូច្នោះទេលោកនឹងត្រូវប្រឈមមុខនឹងមហាបាតុកម្ម កាន់តែធំ។

បាតុកម្មតវ៉ានៅក្នុងប្រទេសថៃ បានអូសបន្លាយពេលជាង៣ខែមកហើយ បន្ទាប់ពីក្រុមបាតុករដែលភាគច្រើនជានិស្សិត និងសិស្សវិទ្យាល័យ ត្រូវបានគេមើលឃើញ ថា កំពុងយកគំរូតាមបាតុករក្នុងទីក្រុងហុងកុង ដើម្បីទាមទារនូវអ្វីដែលពួកគេចង់បាន។

*តើក្រុមបាតុករជានរណា ហើយពួកគេចង់បានអ្វីខ្លះ?

បាតុកម្មតវ៉ា ក្នុងប្រទេសថៃ បានផ្ទុះឡើងចាប់តាំងពីខែកក្កដាមកម្លេះ ដោយកើតឡើងចេញពីការតវ៉ាប្រឆាំងវិធានការបិទប្រទេស៣ខែប្រឆាំង COVID-19 ដែល ពួកគេចោទថា រដ្ឋាភិបាលប្រើវាជាលេសបំបិទមាត់ក្រុមប្រឆាំង។ ក្រុមបាតុករភាគច្រើនគឺជានិស្សិត និងសិស្សវិទ្យាល័យ ដែលដាក់ឈ្មោះឱ្យខ្លួនឯងថា «ចលនាយុវជនសេរី (Free Youth Movement)»។ បាតុកម្មតវ៉ាដំបូងឡើយ កើតឡើងនៅតាមសាកលវិទ្យាល័យ និងវិទ្យាល័យនៅទូទាំងប្រទេស ដើម្បីទាមទារ ឱ្យមានរដ្ឋធម្មនុញ្ញថ្មីមួយ, រំលាយសភា, លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ចេញពីតំណែង រួមទាំងសំណើរចំនួន១០ស្ដីពីការធ្វើកំណែទម្រង់ របបរាជានិយម សព្វថ្ងៃ ដែលពួកគេយល់ថាបានផ្ដល់អំណាចហួសហេតុ ដល់ព្រះមហាក្សត្រ ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់លទ្ធិប្រជាធិបតេយ្យ បូកបន្ថែមសំណើរថ្មីគឺទាមទារឱ្យ រដ្ឋាភិបាលដោះលែងមេដឹកនាំបាតុករ និងបាតុករដែលត្រូវបានចាប់ខ្លួន។

*យុទ្ធសាស្ត្រធ្វើខ្លួនប្រៀបដូចជាទឹក

បាតុករថៃដែលភាគច្រើនជាយុវជន ត្រូវបានគេមើលគេឃើញថា បាននិងកំពុងយកគំរូតាមយុទ្ធសាស្ត្រធ្វើបាតុកម្មតវ៉ារបស់បាតុករក្នុងទីក្រុងហុងកុង នោះគឺ យុទ្ធសាស្ត្រធ្វើខ្លួនប្រៀបដូចជាទឹក។ យុទ្ធសាស្ត្រនេះ គឺយកចេញពីពាក្យសម្ដីរបស់គ្រូក្បាច់គុនដ៏ល្បីល្បាញម្នាក់ លោក លី សៀវឡុង ឬ Bruce Lee ដែលបាន និយាយថា៖ «គ្មានទម្រង់ គ្មានរូបរាង គឺធ្វើខ្លួនដូចជាទឹក»។ សម្ដីនេះត្រូវបានក្រុមបាតុករហុងកុង យកមកបញ្ចូលគំនិតរបស់ពួកគេ គឺ «បាតុកម្មតវ៉ាដែលគ្មាន មេដឹកនាំ»។ មានន័យថាបាតុករទាំងអស់គ្នាគឺជាមេដឹកនាំ ពោលគឺទោះបីជាមេដឹកនាំក្រុមបាតុករត្រូវបានចាប់ខ្លួន ក៏បាតុកម្មនៅតែត្រូវធ្វើឡើងដដែល។

«ពួកគេគិតថាចាប់ខ្លួនមេដឹកនាំ អាចបញ្ឈប់ពួកយើងបាន ប៉ុន្តែពួកគេគិតខុសហើយ ពីព្រោះនៅថ្ងៃនេះ យើងទាំងអស់គ្នាសុទ្ធតែជាមេដឹកនាំ»។ នេះជាសម្ដីបាតុករ ថៃម្នាក់ ប្រកាសប្រាប់ក្រុមបាតុកក្នុងទីក្រុងបាងកក កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។ បន្ថែមពីលើនេះ បាតុករថៃ ក៏បានយកគំរូបបាតុករទីក្រុងហុងកុងផងដែរ ដោយ ប្រើឆ័ត្រជាខែលការពារ កាណុងបាញ់ទឹកពីប៉ូលិស ព្រមទាំងប្រើប្រាស់ភាសាកាយវិការដូចជាលើក ម្រាមដៃបី និងប្រើប្រព័ន្ធផ្សព្វផ្សាយទំនាក់ទំនងសង្គម ដើម្បីកៀងគរកម្លាំងធ្វើបាតុកម្ម ជាដើម។

*តើនឹងមានអ្វីកើតឡើងបន្តទៀត?

ទោះបីជាមានការដាក់សម្ពាធក៏ដោយ លោក ប្រាយុទ្ធ ចាន់អូចា បានបដិសេធថាលោកនឹងមិនចុះចេញពីតំណែងឡើយ ហើយដើម្បីបន្ធូរបន្ថយកំហឹងក្រុមបាតុករ រដ្ឋាភិបាលរបស់លោកបានសម្រេចចិត្តលុបចោលបទបញ្ជាដាក់ប្រទេសក្នុងគ្រាអាសន្ន និងធ្លាប់បានបង្កើតគណៈកម្មាធិការពិសេសនៃសភាជាតិមួយដើម្បី ត្រួតពិនិត្យសំណើចំនួន៦ របស់ក្រុមបាតុករទៀតផង។

តាមរយៈការបន្ទន់ឥរិយាបថនេះ លោក James Wise ជាអតីតអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំប្រទេសថៃ ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៤ យល់ថាការធ្វើកំណែទម្រង់ រដ្ឋធម្មនុញ្ញអាចនឹងកើតឡើង ព្រោះវាមិនមែនជារឿងថ្មីថ្មោងឡើយ។ លោកបន្ថែមថា ថៃបានជួបរដ្ឋប្រហារយ៉ាងហោច១៣លើក ចាប់តាំងពីឆ្នាំ១៩៣០មក ក្នុងនោះរួមមានទាំងរដ្ឋប្រហារចុងក្រោយបំផុតក្នុងឆ្នាំ២០០៦ និង២០១៤ ហើយចាប់តាំងពីពេលនោះមក ថៃក៏មានរដ្ឋធម្មនុញ្ញចំនួន២០ដូចគ្នា។

ដូច្នេះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ មិនមែនជារឿងចម្លែកនោះទេ ឬមានន័យថារដ្ឋាភិបាលថៃ នឹងធ្វើកំណែទម្រង់ខ្លះៗ ដើម្បីបំពេញចិត្តក្រុមបាតុករ។ ក៏ប៉ុន្តែ អ្វីដែលពិបាក នោះគឺនៅត្រង់ការទាមទារឱ្យលោក ប្រាយុទ្ធ លាលែងពីតំណែង ជាពិសេសការធ្វើកំណែទម្រង់របបរាជានិយម ប្រហែលជានឹងមិនអាចកើតឡើង ក៏ថាបាន។

បាតុកម្មតវ៉ាសព្វថ្ងៃ ក៏បានបង្កឱ្យមានពាក្យចចាមអារ៉ាម ពីការប៉ុនប៉ងធ្វើរដ្ឋប្រហារទម្លាក់លោក ប្រាយុទ្ធ ចេញពីតំណែងផងដែរ។ តែយោធាថៃទាត់ចោល ពាក្យចចាមអារ៉ាមនេះ ហើយអ្នកជំនាញភាគច្រើនក៏យល់ដូចគ្នាដែរថាការធ្វើរដ្ឋប្រហារលោក ប្រាយុទ្ធ គឺមានន័យស្មើនឹងយោធាថៃ យកកាំបិតកាប់ជើងខ្លួនឯង ហើយវាក៏មិនអាចដោះស្រាយជាមួយក្រុមបាតុករបានដែរ។ ដ្បិតអ្វីដែលក្រុមបាតុករ ចង់បានគឺការផ្លាស់ប្ដូរប្រព័ន្ធដឹកនាំបច្ចុប្បន្នតែម្ដង ដោយមិនឱ្យយោធា ពាក់ព័ន្ធនឹងនយោបាយ។

លើសពីនេះទៅទៀត ខណៈក្រុមបាតុករថៃដែលភាគច្រើនយុវជន ត្រូវបានគេមើលឃើញថាកំពុងយកគំរូតាមបាតុករទីក្រុងហុងកុង ជំនាញមួយចំនួនយល់ថាថៃ កំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកស្ថានភាពដូចបាតុកម្ម ដែលដឹកនាំដោយយុវជនក្រុងហុងកុង ដោយពួកគេនឹងមិនបញ្ឈប់បាតុកម្មដោយងាយៗឡើយ។ សេណារីយ៉ូ ចុងក្រោយ ដែលអាចនឹងកើតឡើងជាបន្តទៀត នោះប្រហែលជាអាចនឹងមានការប្រើប្រាស់កម្លាំងបាយបង្រ្កាបក្រុមបាតុករ ដើម្បីបិទបញ្ចប់បាតុកម្មតវ៉ាតែម្ដងដោយ សំអាងលើហេតុផលការពាររបបរាជានិយម។ លោក ប្រាយុទ្ធ ទើបតែតាំងមេទាហានថ្មីម្នាក់ គឺលោក Narongpan Jitkaewthae ជាមនុស្សស្មោះស្ម័គ្រនឹង ព្រះរាជាថៃ និងដែលបានប្រកាសថា «ការពាររបបរាជានិយម ជាកាតព្វកិច្ចរបស់ប្រជាជនថៃគ្រប់រូប»

ប្រភព៖ Financial Review (ថ្ងៃសុក្រ ទី២៤ ខែតុលា ឆ្នាំ២០២០)