(វ៉ាស៊ីនតោន)៖ បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យលោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងនៅអាមេរិក) បាននិយាយថា ប្រទេសណាដែលប៉ុនប៉ងជ្រៀតជ្រែក ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នឹងត្រូវបង់ថ្លៃចំពោះទង្វើរបស់ខ្លួនជាដាច់ខាត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួ នៅរសៀលថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០។
នៅក្នុងជំនួបចុងក្រោយនៃការជជែកដេញដោល ជាមួយលោក ដូណាល់ ត្រាំ លោក បៃដិន បានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសនានាមិនថាជាប្រទេសណាមួយឡើយ ដែលប៉ុនប៉ងលូកដៃចូលក្នុងកិច្ចការបោះឆ្នោតប្រធានាធិបតីអាមេរិក នឹងត្រូវបង់តម្លៃចំពោះការខូចខាត ដោយគេចមិនរួចឡើយ។ អតីតអនុប្រធានាធិបតីរូបនេះ ក៏បានស្តីបន្ទោសលោក ត្រាំ ចំពោះការចៀសវាងបង្ហាញជំហរច្បាស់លាស់ ប្រឆាំងនឹងប្រទេសរុស្ស៊ីផងដែរ។
លោក ចូ បៃដិន បានលើកឡើងយ៉ាងដូច្នេះថា ខ្ញុំគិតថាលោកប្រធានាធិបតី (ត្រាំ) មិនធ្លាប់បានលើកឡើងពីបញ្ហានេះ នៅចំពោះមុខលោក ពូទីន នោះឡើយ។ ដោយឡែកលោក ត្រាំ បានឆ្លើយតបថា លោកបានប្រកាន់យកនូវយុទ្ធសាស្រ្តដ៏តឹងរ៉ឹងបំផុត ដើម្បីដោះស្រាយបញ្ហាជាមួយនឹងប្រទេសរុស្ស៊ី តាមរយៈការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ក៏ដូចជាការបង្កើនការចំណាយរបស់អង្គការ NATO ផងដែរ។ លោក ត្រាំ បានបន្ថែមទៀតថា «គ្មាននរណាម្នាក់តឹងរ៉ឹងលើប្រទេសរុស្ស៊ីជាងខ្ញុំឡើយ»។
គួរបញ្ជាក់ នៅមុនពេលនៃការជជែកដេញដោល រដ្ឋបាលលោក ត្រាំ បានកំណត់ការអង្កេតលើ អង្គភាពរបស់ប្រទេសអ៉ីរ៉ង់ចំនួន ០៥ ពីបទប៉ុនប៉ងជ្រៀតជ្រែកការបោះឆ្នោត។ ការដាក់ទណ្ឌកម្មត្រូវបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អាមេរិក លោក ចន រ៉េតក្លីហ្វ (John Ratcliffe) បានចោទអ៉ីរ៉ង់ និងរុស្ស៊ីថា បានព្យាយាមជះឥទ្ធិពលទៅលើអ្នកបោះឆ្នោតមួយចំនួន នៅមុនការបោះឆ្នោតប្រធានាធិបតី ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០៣ ខែវិច្ឆិកាខាងមុខ ប៉ុន្តែទាំងអ៉ីរ៉ង់ និងរុស្ស៊ីបានច្រានចោលការចោទប្រកាន់នេះ៕