(ម៉ូស្គូ)៖ ប្រទេសរុស្ស៊ីបានប្រកាសឲ្យដឹងថា មូលនិធិវិនិយោគរបស់រុស្ស៊ី (RDIF) បានដាក់ពាក្យស្នើសុំទៅកាន់អង្គការសុខភាពពិភពលោក (WHO) សម្រាប់ការចុះបញ្ជីប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំង Sputnik V។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២០។
រុស្ស៊ីគឺជាប្រទេសដំបូងគេ ដែលបានផ្តល់ការយល់ព្រមលើបទប្បញ្ញត្តិ សម្រាប់វ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 មុនការសាកល្បងទ្រង់ទ្រាយធំទៅទៀត ប្រការនេះហើយទើបបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង នៅក្នុងចំណោមក្រុមអ្នកវិទ្យាសាស្ត្រ និងវេជ្ជបណ្ឌិតអំពីសុវត្ថិភាព ព្រមទាំងប្រសិទ្ធភាពនៃវ៉ាក់សាំង។ ការចុះបញ្ជីប្រើប្រាស់បន្ទាន់ (Emergency Use Listing) មានន័យថា ជាការអនុញ្ញាតឲ្យវ៉ាក់សាំងនោះ អាចយកទៅប្រើប្រាស់បាននៅទូទាំងពិភពលោកលឿនជាងមុន ព្រោះថាការវិនិច្ឆ័យរបស់អង្គការសុខភាពពិភពលោក គឺជាស្លាកសញ្ញាដែលបង្ហាញពីគុណភាពជាលក្ខណៈសកល និងធានាថាវ៉ាក់សាំងមានសុវត្ថិភាព ព្រមទាំងប្រសិទ្ធភាពពិតប្រាកដមែន។
នៅជុំវិញបញ្ហានេះ លោក ខឺរីល ឌីមីទ្រីវ (Kirill Dmitriev) នាយកប្រតិបត្តិ RDIF នៅក្នុងសេចក្តីថ្លែងការណ៍មួយបានគូសបញ្ជាក់ថា នីតិវិធីខាងលើនឹងអនុញ្ញាតឲ្យវ៉ាកសាំង Sputnik V ចុះនៅក្នុងបញ្ជីផលិតផលវេជ្ជសាស្ត្រ ដែលបំពេញតាមស្តង់ដារផ្នែកគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពឈានមុខ។ វ៉ាក់សាំង Sputnik V ត្រូវបានអភិវឌ្ឍឡើងដោយវិទ្យាស្ថានស្រាវជ្រាវ ហ្គាម៉ាឡេយ៉ា (Gamaleya) នៅទីក្រុងម៉ូស្គូ និងត្រូវទទួលសិទ្ធិចែកចាយដោយ RDIF៕