(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់មួយរូបនៃរដ្ឋបាលលោក ដូណាល់ ត្រាំ បានលុបបទប្បញ្ញត្តិសហព័ន្ធមួយ ដែលត្រូវបានតាក់តែងឡើងដើម្បីការពារឯករាជ្យភាពនៃសារព័ត៌មាន ក្នុងនោះមាន VOA, RFA និងប្រព័ន្ធផ្សព្វផ្សាយដទៃៗទៀត ដែលទទួលបានជំនួយពីរដ្ឋាភិបាលអាមេរិក បើទោះបីជាមន្ត្រីរូបនោះត្រូវរងការចោទប្រកាន់ថា កំពុងតែធ្វើឲ្យប៉ះពាល់ដល់ឯករាជ្យភាព នៃបណ្តាសារព័ត៌មានទាំងនោះក៏ដោយ នេះបើយោងតាមសារព័ត៌មាន NBC និង Yahoo News ចេញផ្សាយថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០។
លោក ម៉ៃខឺល ភែក (Michael Pack) នាយកប្រតិបត្តិ (CEO) នៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់សារព័ត៌មានសកល (USAGM) បានលុបចោលបទប្បញ្ញត្តិសហព័ន្ធ ដែលមានឈ្មោះថា «Firewall» នៅយប់ថ្ងៃចន្ទសប្តាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ដោយលោកបានបកស្រាយថា បទប្បញ្ញត្តិទាំងនេះបានរំលោភលើ សិទ្ធិប្រធានាធិបតីអាមេរិក នៅក្នុងការអនុវត្តគោលនយោបាយការបរទេស ហើយកន្លងមកច្បាប់ទាំងនោះ «មិនបានការអ្វីឡើយ»។
ជុំវិញបញ្ហាខាងលើនេះ អ្នកសារព័ត៌មានមួយរូបរបស់ទូរទស្សន៍អាមេរិក NBC ដែលស្ថិតនៅក្នុងចង្កោមសារព័ត៌មានឯករាជ្យ និងទទួលបានការការពារពីច្បាប់ firewall ផងដែរនោះបានលើកឡើងថា «គាត់ (មន្ត្រីអាមេរិក) បានបំផ្លាញច្បាប់ firewall ហើយ»។ អ្នករាយការណ៍ព័ត៌មានមួយរូបទៀត ដោយសុំមិនបញ្ចេញឈ្មោះដូចគ្នា បានបញ្ជាក់ថា «យើងទាំងអស់គ្នា ពិតជាភ័យខ្លាចខ្លាំងណាស់»។
បទប្បញ្ញត្តិសហព័ន្ធដែលមានឈ្មោះពេញថា «Firewall and Highest Standards of Professional Journalism» ដែលផ្តល់ឯករាជ្យភាព ដល់អ្នកសរសេរព័ត៌មាន ដោយការពារពួកគេមិនឲ្យទទួលរងការបង្គាប់បញ្ជា, គំរាមកំហែង, គាបសង្កត់, ជះឥទ្ធិពល និងលូកលាន់ពីមន្ត្រីរដ្ឋាភិបាល ឬចៅហ្វាយនាយ ត្រូវបានដាក់ឲ្យអនុវត្តកាលពីខែមិថុនា ដោយក្រុមប្រឹក្សាអភិបាលរដ្ឋ ដែលមានតួនាទីត្រួតពិនិត្យលើបណ្តាសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដែលទទួលការឧបត្ថម្ភថវិកាពីរដ្ឋាភិបាលអាមេរិក។
ក្រុមប្រឹក្សានេះត្រួតពិនិត្យខាងលើនេះ បានរំលាយចោលនៅពេលដែលលោក Pack ត្រូវបានព្រឹទ្ធសភាអនុម័តទទួលស្គាល់ជា CEO នៃ USAGM ដែលមានសិទ្ធិទទួលបន្ទុកគ្រប់គ្រងលើបណ្តាញសារព័ត៌មាន VOA, RFA (Radio Free Asia) និង RFE (Radio Free Europe) ព្រមទាំង វិទ្យុសេរីភាព (Radio Liberty) និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនទៀត ដែលទទួលបានការឧបត្ថម្ភពីរដ្ឋាភិបាលសហព័ន្ធ។
គួរបញ្ជាក់ថា ក្រុមអ្នកការពារសេរីភាពសារព័ត៌មានឯករាជ្យនានា នៅសហរដ្ឋអាមេរិក ជាពិសេសប្រព័ន្ធផ្សព្វផ្សាយអាមេរិកនានា ដែលទទួលបានជំនួយពីរដ្ឋាភិបាលសហព័ន្ធ បានចេញមុខជំទាស់ភ្លាមៗទៅនឹងការសម្រេចចិត្តរបស់មន្ត្រីជាន់ខ្ពស់រដ្ឋបាលលោក ត្រាំ គឺលោក Michael Pack ខាងលើនេះ ដោយពួកគេបានចាត់ទុកថា វាបានធ្វើឲ្យខូចកេរ្តិ៍ឈ្មោះប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងបំផ្លាញមុខមាត់សហរដ្ឋអាមេរិក ក្នុងនាមជាប្រទេសដែលតែងតែកាន់ «ពានសេរីភាពនៃសារព័ត៌មាន» នៅលើឆាកអន្តរជាតិ៕