(បាងកក)៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃអង្គារសប្តាហ៍នេះ បានច្រានចោលការអំពាវនាវរបស់គណបក្សប្រឆាំង ដែលទាមទារឲ្យលោកចុះចេញពីតំណែង នៅក្នុងសម័យប្រជុំសភាពិសេសមួយ ដើម្បីដោះស្រាយភាពតានតឹងផ្នែកនយោបាយ ដែលបង្កឲ្យមានការតវ៉ាស្ទើរតែរាល់ថ្ងៃទៅហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២០។
អតីតមេបញ្ជាការកងទ័ពថៃរូបនេះ បានថ្លែងនៅក្នុងសភាយ៉ាងដូច្នេះថា «ខ្ញុំនឹងមិនរត់គេចពីបញ្ហា ហើយខ្ញុំនឹងមិនចុះចេញពីកាតព្វកិច្ចរបស់ខ្ញុំនោះឡើយ នៅពេលដែលប្រទេសកំពុងតែមានបញ្ហា»។ នេះជាការឆ្លើយតបមួយ ទៅកាន់សមាជិកសភារបស់គណបក្សប្រឆាំង ដែលបានប្រាប់លោក ប្រាយុទ្ធ ចាន់អូចា ឲ្យឈប់លាក់ខ្លួននៅពីក្រោយភាពស្មោះត្រង់ ចំពោះរបបរាជានិយម ហើយគួរតែចុះចេញពីតំណែងវិញល្អជាង។ ក្រុមអ្នករិះគន់បានចោទប្រកាន់ថា លោក ប្រាយុទ្ធ បានរៀបចំការបោះឆ្នោតកាលពីឆ្នាំមុននេះឡើង គឺស្ថិតក្នុងគោលបំណងដើម្បីរក្សាអំណាច ដែលលោកបានដណ្តើមបន្ទាប់ពីរដ្ឋប្រហារកាលពីឆ្នាំ ២០១៤។ ជាការឆ្លើយតបនាយករដ្ឋមន្ត្រីកំពុងកាន់អំណាច យ៉ាងហាប់ណែក្លែងបន្លំអ្វីនោះឡើយ។
លោក ប្រាយុទ្ធ បានគូសបញ្ជាក់ទៀតថា លោកយល់ព្រមក្នុងការបង្កើតគណៈកម្មាធិការមួយ ដើម្បីពិនិត្យលើបញ្ហាទាំងនេះ ប៉ុន្តែលោកបានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ខ្ញុំមិនដឹងថា ខ្ញុំគួរនិយាយជាមួយអ្នកណានោះទេ ព្រោះមិនដឹងថាមួយណាជាមេដឹកនាំបាតុករឲ្យប្រាកដ វាហាក់ដូចជាពួកគេទាំងអស់សុទ្ធតែជាអ្នកដឹកនាំ»។ ដោយឡែកមេដឹកនាំបាតុកម្មមួយរូបលោក ថាន់ថេប រួងប្រាផៃគិតសេរី (Tattep Ruangprapaikitseree) បានចាត់ទុកការការប្រជុំសភាថា «ជារឿងគ្មានប្រយោជន៍»។
គួរបញ្ជាក់ថា មនុស្សរាប់ម៉ឺននាក់បានប្រមូលផ្គុំគ្នានៅតាមដងផ្លូវ ចាប់តាំងពីពាក់កណ្តាលខែកក្កដាមកម្ល៉េះ ដែលបានប្រែក្លាយជាបញ្ហាប្រឈមដ៏ធំបំផុត នៅក្នុងប្រទេសថៃក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីប្រឆាំងទៅនឹងស្ថាប័នយោធា ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយព្រះបរមរាជវាំង។ រហូតមកទល់ពេលនេះ ព្រះបរមរាជវាំងនៃព្រះមហាក្សត្រថៃព្រះបាទ មហា វិជ្ជរ៉ាឡុងកន (Maha Vajiralongkorn) មិនបានផ្តល់ការអត្ថាធិប្បាយណាមួយនៅឡើយទេ ជុំវិញបាតុកម្មពីក្រុមសិស្សនិស្សិត ប៉ុន្តែព្រះមហាក្សត្រ និងអគ្គមហេសីរបស់ទ្រង់ បានយាងចេញពីរាជវាំងកាលពីសប្តាហ៍មុននេះ ដើម្បីស្វាគមន៍ប្រជាជនដែលគាំទ្រទ្រង់ នៅពីមុខព្រះបរមរាជវាំងទីក្រុងបាងកក៕