(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បាននិយាយថា មេដឹកនាំផ្ដាច់ការទាំងអស់នៅលើពិភពលោក សុទ្ធតែចង់ឱ្យលោក ដូណាល់ ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីមួយអាណត្តិទៀត ពីព្រោះលោកជាមនុស្សតែម្នាក់គត់ ដែលអាចផ្ដល់នូវអ្វីគ្រប់យ៉ាងដែលពួកគេត្រូវការ។ ការលើកឡើងនេះប្រាកដណាស់ គឺចង់សំដៅទៅលើទំនាក់ទំនងដ៏ជិតស្និទ្ធរវាងលោក ដូណាល់ ត្រាំ និងមេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ជាពិសេស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២០។
លោក អូបាម៉ា ធ្វើកត់សម្គាល់បែបនេះ កំឡុងការចូលរួមធ្វើយុទ្ធនាការឃោសនារកសំឡេងគាំទ្រឱ្យលោក ចូ បៃដិន ក្នុងទីក្រុងអ័រឡេនដូ (Orlando) នៃរដ្ឋផ្ល័ររីដា (Florida) នៅថ្ងៃអង្គារសប្ដាហ៍នេះ។ លោក អូបាម៉ា បានលើកឡើងយ៉ាងដូច្នេះថា «តើអ្នកទាំងអស់គ្នាគិតទេថា គាត់ (លោក ត្រាំ) នឹងងើបឈរឡើងប្រឆាំងជនផ្ដាច់ការ? យើងទាំងអស់គ្នាបានដឹងហើយថា អ្នកបានផ្ដល់នូវអ្វីគ្រប់យ៉ាងដែលពួកគេចង់បាន ក្នុងរយៈពេល ០៤ឆ្នាំមកនេះ។ ដូច្នេះប្រាកដណាស់ ពួកគេច្បាស់ជាចង់ឱ្យអ្នកជាប់ឆ្នោតម្ដងទៀត»។
គួរបញ្ជាក់ថា ការលើកឡើងខាងលើរបស់លោក បារ៉ាក់ អូបាម៉ា កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទកន្លងទៅបាននិយាយថា មេដឹកនាំដូចជាលោក គីម ជុងអ៊ុន, ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីចិនលោក ស៊ី ជិនពីង រួមទាំងមេដឹកនាំជាង ៤០ផ្សេងទៀត គឺជាមនុស្សឆ្លាតសម្បូរដោយកល្បិច ហេតុដូច្នេះមនុស្សដូចជាលោក ចូ បៃដិន មិនអាចដោះស្រាយបញ្ហាជាមួយ មេដឹកនាំទាំងអស់នោះទេ៕