(ចរជា)៖ លោក ចូ បៃដិន (Joe Biden) ដែលជាអតីតអនុប្រធានាធិបតីអាមេរិក ព្រមទាំងជាបេក្ខជនប្រធានាធិបតី តំណាងឱ្យគណបក្សប្រជាធិបតេយ្យ នៅថ្ងៃអង្គារសប្ដាហ៍នេះបានតិះដៀល និងចោទប្រកាន់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) ដែលជាដៃគូប្រជែងរបស់ខ្លួនថា បានបារាជ័យក្នុងការគ្រប់គ្រង ការឆ្លងរីករាលដាលនៃជំងឺឆ្លងរាតត្បាតសកល (COVID-19) ខណៈគណបក្សប្រជាធិបតេយ្យបានធ្វើយុទ្ធនាការរបស់ខ្លួន នៅមូលដ្ឋានរឹងមាំរបស់គណបក្សសាធារណរដ្ឋ នោះគឺរដ្ឋចរជា (Georgia) សហរដ្ឋអាមេរិក តែជិតមួយសប្តាហ៍ប៉ុណ្ណោះមុនការបោះឆ្នោត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២០។
លោក បៃដិន ដែលកំពុងនាំមុខនៅក្នុងការស្ទង់មតិនៃការបោះឆ្នោត បានវាយប្រហារប្រធានាធិបតីអាមេរិក ដែលកំពុងកាន់អំណាចគឺលោក ត្រាំ លើបញ្ហាគ្រប់គ្រងការឆ្លង និងរីករាលដាលនៃ COVID-19 ដោយបានលើកឡើងពីសម្ដីរបស់មន្ត្រីជាន់ខ្ពស់សេតវិមាន លោក ម៉ាក មាដូវស៍ (Mark Meadows) ដែលបាននិយាយកាលពីចុងសប្ដាហ៍មុននេះថា «សហរដ្ឋអាមេរិកនឹងមិនអាចគ្រប់គ្រង ជំងឺឆ្លងរាតត្បាតសកល (COVID-19) បានទេ»។
នៅក្នុងទីក្រុង វ៉ម ស្ព្រីងស៍ (Warm Springs) នៃរដ្ឋ Georgia សហរដ្ឋអាមេរិក លោក Biden បានចោទប្រកាន់សេតវិមានថា មិនដែលព្យាយាមបញ្ឈប់ការឆ្លងរីករាលដាលនៃ COVID-19 នោះទេ ដែលឥឡូវនេះបានសម្លាប់ប្រជាជនអាមេរិក ២២៦,០០០នាក់ហើយ។ លោក Biden ថែមទាំងបានសន្យាថា លោកនឹងព្យាយាមប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាតត្បាតសកល (COVID-19) នេះ។ លោក បៃដិន បានគូសបញ្ជាក់ថា «ខ្ញុំមកទីនេះដើម្បីប្រាប់អ្នកទាំងអស់គ្នាថា យើងអាចនឹងគ្រប់គ្រងជំងឺនេះបាន ប្រសិនបើអ្នកទាំងអស់គ្នាផ្តល់កិត្តិយសដល់ខ្ញុំ ក្នុងការធ្វើជាប្រធានាធិបតីរបស់អ្នកទាំងអស់គ្នា ខ្ញុំនឹងចាប់ផ្ដើមធ្វើសកម្មភាព... នៅថ្ងៃដំបូងនៃតំណែងជាប្រធានាធិបតីរបស់ខ្ញុំ ដើម្បីគ្រប់គ្រងជំងឺនេះ»។
គួរជម្រាបថា លោក បៃដិន ដែលមានអាយុ ៧៧ឆ្នាំបានធ្វើការប្រមូលផ្ដុំគ្នាបែបសង្គមនៅទីក្រុងអាត្លង់តា (Atlanta) ដែលជាទីក្រុងធំបំផុតរបស់រដ្ឋ Georgia សហរដ្ឋអាមេរិក និងជាកន្លែងដែលលោកបានធ្វើការវាយប្រហារដដែលៗទៅលើលោក ត្រាំ ប៉ុន្តែក៏បានជំរុញឱ្យអ្នកបោះឆ្នោតទទួលស្គាល់ថា រដ្ឋនេះពិតជាមានសារៈសំខាន់ណាស់ ក្នុងការយកឈ្នះលើគូប្រជែង៕