(តូរ៉ុនតូ)៖ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុនយក្សអាមេរិក Boeing និងក្រុមហ៊ុនដៃគូ កំពុងប្តេជ្ញាកៀរគរឲ្យបានថវិកាចំនួន ៤៦.៣ពាន់លានដុល្លារអាមេរិក ដើម្បីបំពេញតាមសំណើអភិវឌ្ឍកម្មវិធីផលិតយន្តហោះចម្បាំងរបស់ពួកគេ នៅក្នុងទឹកដីប្រទេសកាណាដា និងលក់ផលិតផលនោះឲ្យកាណាដាតែម្តង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២០។
សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងនៅពេលដែលក្រុមហ៊ុន Boeing, ក្រុមហ៊ុនឡុកឃីដម៉ាទីន (Lockheed Martin) ព្រមទាំងក្រុមហ៊ុន អាអាប់អាប់ (SAAB AB) បានធ្វើការប្តេជ្ញាចិត្តរួមគ្នា ដើម្បីទទួលបានកិច្ចសន្យារបស់រដ្ឋាភិបាលកាណាដា ក្នុងការផ្គត់ផ្គង់យន្តហោះចម្បាំងជំនាន់ក្រោយរបស់ខ្លួន ទៅឲ្យកងទ័ពអាកាសរបស់ប្រទេសមួយនេះ។ សេចក្តីថ្លែងការណ៍ដដែលបានគូសបញ្ជាក់ទៀតថា តាមរយៈកិច្ចព្រមព្រៀងថ្មីចំនួន ០៥ រវាងក្រុមហ៊ុន Boeing និងក្រុមហ៊ុនដៃគូក្នុងទំហំទឹកប្រាក់ប្រមាណ ៦១ពាន់លានដុល្លារកាណាដា (ប្រហែលជា ៤៦.៣ពាន់លានដុល្លារអាមេរិក) និងបង្កើតការងារជិត ២៥ម៉ឺនកន្លែងនៅក្នុងប្រទេសកាណាដាផងដែរ។
កិច្ចខិតខំប្រឹងប្រែងខាងលើត្រូវបានធ្វើឡើង ដើម្បីជំនួសយន្តហោះចម្បាំងចាស់ៗរបស់កាណាដា ដែលមានអាយុកាលច្រើនទសវត្សរ៍មកហើយនោះ ជាមួយនឹងរដ្ឋាភិបាលជាបន្តបន្ទាប់មិនបានគោរពតាមសំណើ របស់កងទ័ពអាកាសកាណាដា ដើម្បីទិញយន្តហោះចម្បាំងថ្មីៗ។ ប្រទេសកាណាដាបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសផ្សេងៗទៀត ដែលបានចុះកិច្ចសន្យាក្នុងការទិញ យន្តហោះចម្បាំងដែលមានសមត្ថភាពបំបាំងកាយ F-35 Lightning II ពីក្រុមហ៊ុន Lockheed Martin ។ កម្មវិធីយន្តហោះចម្បាំង F-35 បានជួបប្រទះនូវឧបសគ្គធំៗជាច្រើនរួមមាន ការចំណាយដ៏ច្រើនសម្បើម និងការពន្យារពេលបានបង្កឲ្យមានភាពចម្រូងចម្រាស នៅក្នុងប្រទេសកាណាដា។
គួរបញ្ជាក់ថា កិច្ចសន្យាទិញយន្តហោះចម្បាំង F-35 របស់ក្រុមហ៊ុន Lockheed Martin ត្រូវបានលុបចោលម្តងរួមមកហើយកាលពីឆ្នាំ២០១៦ ដោយប្រទេសកាណាដា ត្រូវបង់ថ្លៃការខូចខាតច្រើនលើសលុប ហើយក្រុមហ៊ុនផ្គត់ផ្គង់កាណាដាមួយចំនួន ក៏ត្រូវបានដកចេញពីគម្រោងនេះផងដែរ។ ការវាយតម្លៃលើសំណើខាងលើរំពឹងថា នឹងបញ្ចប់នៅឆ្នាំ២០២១ ហើយកិច្ចសន្យាទំនងជាត្រូវប្រគល់ឲ្យនៅឆ្នាំ២០២២។ យោងតាមរបាយការណ៍មួយបានរំពឹងថា តម្លៃនៃការទិញមានចន្លោះពី ១១.២-១៤.២ពាន់លានដុល្លារ ហើយការដឹកជញ្ជូនយន្តហោះដំបូងរំពឹងថា នឹងត្រូវធ្វើឡើងនៅដើមឆ្នាំ២០២៥៕