(សេអ៊ូល)៖ ប្រព័ន្ធផ្សាយរដ្ឋកូរ៉េខាងជើង យូរីមីនហ្សូកគីរិ (Uriminzokkiri) បានចោទប្រកាន់ថា កូរ៉េខាងត្បូងមានផែនការដាក់ពង្រាយបន្ថែម នូវប្រព័ន្ធខែលការពារមីស៊ីល ថាអាដ (THAAD) របស់សហរដ្ឋអាមេរិក ដែលនេះគឺជាទង្វើមួយនឹងនាំទៅរកការបំផ្លិចបំផ្លាញខ្លួនឯង។ នេះបើតាមការដកស្រង់ដោយ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២០។
នៅក្នុងបទអត្ថាធិប្បាយចេញផ្សាយនៅថ្ងៃចន្ទនេះ Uriminzokkiri បានឱ្យដឹងទៀតថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានឈានដល់ការព្រមព្រៀងគ្មាមួយ កំឡុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរ ជុំវិញផែនការរយៈពេលវែងនៃការដំឡើងប្រព័ន្ធ THAAD ហើយដែលផែនការនេះនឹងក្លាយជាការត្រួសត្រាយផ្លូវមួយ ឆ្ពោះទៅរកការដាក់ពង្រាយប្រព័ន្ធមីស៊ីលនេះ បន្ថែមនៅលើទឹកដីកូរ៉េខាងត្បូង។
ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង បានគូសបញ្ជាក់ក្នុងអត្ថបទរបស់ខ្លួនយ៉ាងដូច្នេះថា «ផែនការរបស់ពួកគេក្នុងការពង្រឹងកម្លាំងយោធា ក៏ដូចជាការធ្វើសមយុទ្ធរួមគ្នា និងការដាក់ពង្រាយប្រព័ន្ធ THAAD គឺជាឥរិយាបទមិនប្រុងប្រយ័ត្ន ដែលនឹងជំរុញឱ្យមានហានិភ័យនៃសង្គ្រាម និងបង្កើនភាពតានតឹងនៅក្នុងឧបទ្វីបកូរ៉េ និងតំបន់ជុំវិញនោះ»។
គួរបញ្ជាក់ថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកកាលពីឆ្នាំ២០១៦ បានសម្រេចចិត្តដាក់ពង្រាយ ប្រព័ន្ធមីស៊ីល THAAD ក្រោមហេតុផលដើម្បីទប់ស្កាត់ ឬបង្ការ ការគំរាមកំហែងណាមួយពីសំណាក់កូរ៉េខាងជើង ហើយរហូតដល់ឆ្នាំ២០១៧ ទើបប្រព័ន្ធមីស៊ីលនេះត្រូវបានដំឡើងក្នុងទីក្រុង សុងជូ (Seongju)។ ប៉ុន្តែទន្ទឹមគ្នានេះ ទាំងប្រទេសចិន និងកូរ៉េខាងជើងបានថ្កោលទោសយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តនេះ ដោយទីក្រុងប៉េកាំងចាត់ទុកថា ការដាក់ពង្រាយ THAAD គឺមានគោលដៅស៊ើបការណ៍សំងាត់ លើមូលដ្ឋានយោធារបស់ខ្លួនតែប៉ុណ្ណោះ៕