(អ៉ីស្តង់ប៊ុល)៖ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយនិងគ្រោះអាសន្នរបស់ប្រទេសតួកគី (AFAD) នៅថ្ងៃពុធនេះបានបញ្ជាក់ថា មនុស្សយ៉ាងហោចណាស់កើនដល់ ១១៤នាក់បានស្លាប់ និងមនុស្ស១,០៣៥នាក់ផ្សេងទៀត បានរងរបួសនៅក្នុងគ្រោះរញ្ជួយដីដ៏ខ្លាំងមួយដែលបានវាយប្រហារខេត្ត Izar ភាគខាងលិចប្រទេសតួកគី កាលពីសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាថ្ងៃពុធ ទី០៤ ខែវិច្ឆកា ឆ្នាំ២០២០។
នៅក្នុងសេចក្តីថ្លែងការណ៍មួយបានគូសបញ្ជាក់ថា មនុស្ស១៣៧នាក់ កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យនៅឡើយ។ លោក Mehmet Gulluoglu ប្រធានទីភ្នាក់ងារ AFAD បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter យ៉ាងដូច្នេះថា ប្រតិបត្តិការជួយសង្គ្រោះត្រូវបានបិទបញ្ចប់នៅក្នុងអគារទាំង១៧ខ្នង ដែលដួលរលំ។ កន្លងមក អាជ្ញាធរធ្លាប់បានបញ្ជាក់ថា មនុស្សសរុបចំនួន១០៧នាក់ ត្រូវបានក្រុមសង្គ្រោះទាញចេញពីគំនរអាគារបាក់បែក ដោយនៅមានជីវិត។
ទន្ទឹមគ្នានេះ អភិបាលខេត្ត Izmir លោក Tunc Soyer បានចាប់ផ្តើមយុទ្ធនាការផ្តល់ជំនួយនៅថ្ងៃអង្គារសប្តាហ៍នេះ ដែលហៅថា «ជួលមួយ ផ្ទះមួយ» សម្រាប់ជនរងគ្រោះដែលអគារផ្ទះល្វែងរបស់ពួកគេបានដួលរលំ ឬរងការខូចខាតយ៉ាងតំណំ។ អភិបាលរូបនេះបន្តទៀតថា សម្រាប់អ្នកដែលចង់ផ្តល់ជំនួយ ឬទទួលយកជនរងការប៉ះពាល់ឲ្យជ្រកកោន គឺអាចទាក់ទងតាមប្រព័ន្ធអ៉ីនធឺណែតមកកាន់លោកបាន។ លោក Soyer បានប្រកាសថាក្នុងរយៈពេលតែ ៥ម៉ោងប៉ុណ្ណោះ លោកទទួលបានប្រាក់ជំនួយជាង ២លានលីរ៉ា (ប្រមាណជា ២៣៥,០០០ ដុល្លារអាមេរិក) សម្រាប់ការទំនុកបម្រុងថ្លៃជួល។ លោកបានបន្ថែមថា «ជាមួយនឹងទឹកប្រាក់ជំនួយខាងលើ យើងអាចជួយគាំទ្រមនុស្ស ២០០គ្រួសារចេញពីតង់ស្នាក់នៅបណ្តោះអាសន្ន»។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះជម្រកបណ្តោះអាសន្នសរុបចំនួន ៨០០០កន្លែង ត្រូវបានបង្កើតឡើងនៅទូទាំងខេត្ត Izmir សម្រាប់អ្នករងគ្រោះដោយសារការរញ្ជួយដី។ បើតាមសេចក្តីថ្លែងការណ៍របស់ AFAD បានកត់សំគាល់ថា រដ្ឋាភិបាលតួកគីបានត្រៀមថិវិកាចំនួន ២៩លានលីរ៉ា (៣.៤លានដុល្លារ) សម្រាប់ជួយគាំទ្រដល់តំបន់ដែលរងគ្រោះ។ កាលពីថ្ងៃសុក្រសប្តាហ៍មុន រញ្ជួយដីកម្រិត ៦.៦ រ៉ិចទ័រមួយ បានវាយប្រហារសមុទ្រ Aegean នៅឯស្រុក Seferihisar នៃខេត្ត Izmir របស់ប្រទេសតួកគី៕