(កូឡាឡាំពួរ)៖ លោក Azhar Azizan Harun ជាប្រធានសភាជាន់ទាបម៉ាឡេស៊ី បាននិយាយនៅថ្ងៃពុធនេះថា អគារសភាជាតិម៉ាឡេស៊ី នឹងត្រូវបញ្ជាឱ្យបិទជាបណ្ដោះអាសន្នប្រសិនបើជារកឃើញករណីវិជ្ជមាន COVID-19។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០។
លោក Azhar Azizan Harun បានគូសបញ្ជាក់ដូច្នេះថា៖ «ប្រសិនបើមានករណីវិជ្ជមានចំពោះ COVID-19 នៅក្នុងសភាតំណាងរាស្រ្ត នោះក្រសួងសុខាភិបាលម៉ាឡេស៊ី (MOH) នឹងធ្វើការវាយតម្លៃលើគោលការណ៍ប្រតិបត្តិការស្តង់ដា (SOP) ដ៏សមស្របមួយ»។ សភាតំណាងរាស្រ្តម៉ាឡេស៊ី នាពេលថ្មីៗនេះ បានបើកសម័យប្រជុំ ជាមួយនឹងការរៀបចំ កញ្ចប់ថវិកាឆ្នាំ២០២១ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃសុក្រសប្ដាហ៍នេះ ដោយបានកាត់បន្ថយរយៈពេលខ្លីបំផុត បន្ទាប់ពីបុគ្គលិកនៅសភាជាន់ខ្ពស់ម៉ាឡេស៊ី បានធ្វើតេស្តវិជ្ជមានចំពោះ COVID-19។
កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលម៉ាឡេស៊ី លោក ណូអ័រ ហ៊ីហ្សាម (Noor Hisham Abdullah) បាននិយាយថា បុគ្គលចំនួន០៧នាក់ត្រូវ បានពិនិត្យឃើញមានភាពវិជ្ជមានចំពោះ COVID-19 នៅលើអេក្រង់ត្រួតពិនិត្យ មុនពេលកិច្ចប្រជុំសភាត្រូវបានចាប់ផ្ដើម។
គួរជម្រាបថា បច្ចុប្បន្ននេះ ប្រទេសម៉ាឡេស៊ី មានករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសជាង ៣៤,០០០ករណី ក្នុងនោះមានអ្នកស្លាប់ ២៦៣នាក់ និងអ្នកជាសះស្បើយ ២៣,៩៩៥នាក់៕