(រ៉ង់ហ្គូន)៖ ការិយាល័យប្រធានាធិបតីមីយ៉ាន់ម៉ា នៅថ្ងៃពុធនេះបានឆ្លើយតបទៅមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ាវិញ ចំពោះការរិះគន់ជុំវិញការគ្រប់គ្រងរបស់រដ្ឋាភិបាល លើកិច្ចការបោះឆ្នោតទូទៅនាពេលខាងមុខថាមានភាពលម្អៀង ជាមួយការព្រមានថា សុន្ទរកថារបស់មេបញ្ជាការកងទ័ពអាចនឹងបង្កឲ្យមានការភ័យខ្លាច និងភាពចលាចលក្នុងប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០។
គួរជម្រាបថា លោក Min Aung Hlaing ដែលជាអគ្គមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ា បាននិយាយនៅក្នុងបទសម្ភាសន៍ដ៏កម្រមួយ កាលពីថ្ងៃអង្គារម្សិលិញថា រដ្ឋាភិបាលស៊ីវិលកំពុងសាង «កំហុសដែលមិនអាចទទួលយកបាន» នៅក្នុងការបោះឆ្នោតដែលនឹងឈានមកដល់នៅថ្ងៃអាទិត្យខាងមុខ ដែលជាការបោះឆ្នោតប្រជាធិបតេយ្យលើកទី២ របស់មីយ៉ាន់ម៉ា ចាប់តាំងពីប្រទេសនេះបានបញ្ចប់ការគ្រប់គ្រងរបស់របបយោធាដ៏តឹងរឹង។
ដោយបានចេញសារព្រមានជាលើកទី២ អំពីការកើតមានភាពលំអៀង ក្នុងការបោះឆ្នោត មេបញ្ជាការ Min Aung Hlaing បានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា យោធាគឺជា «អាណាព្យាបាល» របស់ប្រទេស និងកំពុងឃ្លាំមើលការត្រៀមរៀបចំការបោះឆ្នោតយ៉ាងយកចិត្តទុកដាក់។ មិនតែប៉ុណ្ណោះ អគ្គមេបញ្ជាការកងទ័ពរូបនេះថែមទាំង បានចោទប្រកាន់គណៈកម្មការរៀបចំការបោះឆ្នោត ថាបានរំលោភបំពានលើច្បាប់ និងនិតិវិធីនៃដំណើរការមុនការបោះឆ្នោតទៀតផង។
ជុំវិញការចោទប្រកាន់នេះ អ្នកនាំពាក្យការិយាល័យប្រធានាធិបតី លោក Zaw Htay បាននិយាយប្រាប់អ្នកសារព័ត៌មាននៅថ្ងៃពុធនេះថា «ការលើកឡើង(របស់ មេបញ្ជាការ Min Aung Hlaing) មិនមានប្រជាយោជន៍សម្រាប់សេរីភាព និងភាពយុត្តិធម៌សម្រាប់ការបោះឆ្នោតនោះឡើយ ប៉ុន្តែវានឹងបង្កឲ្យមានការភ័យខ្លាច និងភាពចលាចលក្នុងប្រទេស» ។
គួរជម្រាបថា គណៈបក្សសម្ព័ន្ធភាពជាតិដើម្បីប្រជាធិបតេយ្យ របស់លោកស្រី អ៊ូងសាន ស៊ូជី ត្រូវបានគេរំពឹងថានឹងឈ្នះការបោះឆ្នោតនៅថ្ងៃអាទិត្យនេះ។ តាមរយៈការបង្ហោះសារលើហ្វេសប៊ុក កាលពីល្ងាចថ្ងៃអង្គារ លោកស្រីបានអំពាវនាវឲ្យមានភាពស្ងប់ស្ងាត់ និងបានជំរុញឲ្យអ្នកបោះឆ្នោតមិនត្រូវភ័យខ្លាចឡើយ៕