(វ៉ាស៊ីនតោន)៖ បេក្ខជនប្រធានាធិបតីអាមេរិក តំណាងឱ្យគណបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន បាននិយាយថាលោកកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកជ័យជម្នះលើ លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០នេះ បន្ទាប់ពីលោកឈ្នះក្នុងរដ្ឋ Wisconsin និងរដ្ឋ Michigan ខណៈលោក ត្រាំ កំពុងតវ៉ា តាមផ្លូវច្បាប់ស្នើឱ្យបញ្ឈប់ និងរាប់សន្លឹកឆ្នោតឡើងវិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០។
ថ្លែងទៅកាន់អ្នកគាំទ្រជាមួយការអំពាវនាវឱ្យមានការរក្សាភាពស្ងប់ស្ងាត់ លោក បៃដិន បានលើកឡើងដូច្នេះថា៖ «ពេញមួយយប់នៃការរាប់សន្លឹកឆ្នោត, វាច្បាប់ណាស់ ទៅហើយថាយើងនឹងទទួលបានអ្នកបោះឆ្នោតតំណាងគ្រប់គ្រាន់២៧០ ដើម្បីជាប់ឆ្នោតជាប្រធានាធិបតី។ ខ្ញុំនៅទីនេះមិនមែនប្រកាសពីជ័យជម្នះ, តែខ្ញុំមកទីនេះដើម្បី រាយការណ៍តែប៉ុណ្ណោះ នៅពេលការរាប់សន្លឹកឆ្នោតត្រូវបានបញ្ចប់។ យើងជឿជាក់ថាយើងគឺជាអ្នកឈ្នះ»។
គួរជម្រាបថា បើតាមលទ្ធផលបច្ចុប្បន្ន លោក ចូ បៃដិន បេក្ខជនប្រធានាធិបតីតំណាងឱ្យគណបក្សប្រជាធិបតេយ្យ កំពុងនាំមុខលោក ដូណាល់ ត្រាំ ដោយទទួលបាន អ្នកបោះឆ្នោតតំណាង ២៦៤រូប ទៅនឹង២១៤រូប។ លោក បៃដិន ត្រូវការអ្នកបោះឆ្នោតតំណាងតែ៦រូបទៀតប៉ុណ្ណោះ ដើម្បីផ្ដួលលោក ត្រាំ ខណៈលោកកំពុងនាំមុខលោក ត្រាំ ក្នុងរដ្ឋ Nevada ៤៩.៣ភាគរយ ទល់នឹង៤៨.៧ភាគរយ។ បើលោក បៃដិន ឈ្នះក្នុងរដ្ឋ Nevada ដែលមានអ្នកបោះឆ្នោតតំណាង៦រូប នោះសមល្មមគ្រប់គ្រាន់ឱ្យ លោកទទួលបាន អ្នកបោះឆ្នោតតំណាង២៧០រូប។
តែព្រមពេលជាមួយគ្នា ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅអាមេរិក) បានដាក់ពាក្យបណ្ដឹងមួយ ជាការតវ៉ាតាមផ្លូវច្បាប់ ដើម្បីបញ្ឈប់ការរាប់សន្លឹកឆ្នោត នៅក្នុងរដ្ឋ Georgia Michigan និងរដ្ឋ Pennsylvania ផងដែរ។ លោក ត្រាំ តែងតែចោទប្រកាន់ថា ការបោះឆ្នោត ឆ្នាំ២០២០នេះ គឺពោរពេញដោយអំពើពុករលួយ និងការក្លែងបន្លំសន្លឹកឆ្នោត ដែលផ្ទាល់ចង់សំដៅទៅលើការបោះឆ្នោតតាមប្រៃសនីយ៍៕