(ណេវ៉ាដា)៖ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ក្នុងរដ្ឋ ណេវ៉ាដា (Nevada) បានបង្កការរំខានដល់ការផ្សាយសន្និសីទសារព័ត៌មានមួយ របស់មន្ត្រីស្ថាប័នបោះឆ្នោតនៅសង្កាត់ ក្លាកខោនធី (Clark County) នៃទីក្រុងឡាសវែហ្កាស (Las Vegas) ដោយចោទប្រកាន់ថាលោក ចូ បៃដិន និងគណបក្សប្រជាធិបតេយ្យ ដែលកំពុងព្យាយាមលួចសន្លឹកឆ្នោត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០។
នៅកំឡុងមន្ត្រីចុះឈ្មោះបោះឆ្នោតក្នុងតំបន់ Clark County គឺលោក ចូ ក្លររៀ (Joe Gloria) កំពុងធ្វើបច្ចុប្បន្នភាពពីព័ត៌មានពាក់ព័ន្ធនឹងសន្លឹកឆ្នោត ដែលមិនទាន់បានរាប់ក្នុងរដ្ឋ Nevada បុរសពាក់អាវយឺតព័ណ៌សមិនស្គាល់អត្តសញ្ញាម្នាក់ បានឡើងទៅឈរជិតលោក Gloria ហើយស្រែកថា «លោក បៃដិន កំពុងព្យាយាមលួចបន្លំសន្លឹកឆ្នោត»។ បុរសរូបនេះបាន ស្រែកបីដងមុនដើរចេញពីវេទិកាសន្និសីទសារព័ត៌មានដូច្នេះថា «ក្រុមឧក្រិដ្ឋជន បៃដិន កំពុងលួចសន្លឹកឆ្នោត។ ប្រព័ន្ធផ្សព្វផ្សាយបិទបាំងរឿងនេះ។ យើងចង់បានសេរីភាពសម្រាប់ពិភពលោក។ ឱ្យសេរីភាពមកពួកគេយើង, ចូ បៃដិន!»។
គួរជម្រាបថា បើតាមលទ្ធផលបច្ចុប្បន្ន លោក ចូ បៃដិន បេក្ខជនប្រធានាធិបតីតំណាងឱ្យគណបក្សប្រជាធិបតេយ្យ កំពុងនាំមុខលោក ដូណាល់ ត្រាំ ដោយទទួលបានអ្នកបោះឆ្នោតតំណាងចំនួន ២៦៤រូប ទល់នឹង ២១៤រូបរបស់លោក ដូណាល់ ត្រាំ។ លោក បៃដិន ត្រូវការអ្នកបោះឆ្នោតតំណាងតែ ០៦រូបទៀតប៉ុណ្ណោះ ដើម្បីផ្ដួលលោក ត្រាំ ខណៈលោកកំពុងនាំមុខលោក ត្រាំ ក្នុងរដ្ឋ Nevada ប្រមាណ ៤៩.៣ភាគរយ ទល់នឹង ៤៨.៧ភាគរយគិតត្រឹមម៉ោង ១០៖០០នាទីព្រឹក (ម៉ោងនៅភ្នំពេញ)។ បើលោក បៃដិន ឈ្នះក្នុងរដ្ឋ Nevada ដែលមានអ្នកបោះឆ្នោតតំណាង ០៦រូបនោះ វាគ្រប់គ្រាន់ឱ្យលោកទទួលបានអ្នកបោះឆ្នោតតំណាង ២៧០រូប ដែលជាការកំណត់លើជ័យជម្នះបាន៕