(ហ្សឺណែវ)៖ ប្រមុខអង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវឱ្យមនុស្សរាល់គ្នា បន្តតស៊ូប្រយុទ្ធប្រឆាំងនឹង COVID-19 ដោយព្រមានថា យើងអាចនឹងធុញទ្រាន់ចំពោះវីរុសមួយនេះ តែវីរុសមួយនេះនឹងមិនធុញទ្រាន់នឹងយើងទេ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។

នៅក្នុងសមាជប្រចាំឆ្នាំដ៏សំខាន់របស់ WHO នៅថ្ងៃចន្ទសប្ដាហ៍នេះ លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) បានលើកឡើងដូច្នេះថា «យើងទាំងអស់អាចនឹងធុនទា្រញ់ចំពោះ COVID-19 តែមិនធុញទ្រាញ់នឹងយើងឡើយ... ដូច្នេះមនុស្សរាល់គ្នាត្រូវជឿជាក់លើវិទ្យាសាស្ត្រ ហើយរក្សាការតស៊ូប្រយុទ្ធប្រឆាំង ទៅនឹងវីរុសមួយនេះ។ ក្ដីសង្ឃឹមតែមួយគត់របស់យើង គឺវិទ្យាសាស្ត្រ ដំណោះស្រាយ និងសាមគ្គីភាព»

គួរជម្រាបថា នៅក្នុងសមាជប្រចាំឆ្នាំនោះដែរ លោក Tedros ក៏បានឆ្លៀតអបអរសាទរដល់ជ័យជម្នះរបស់លោក ចូ បៃដិន នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកផងដែរ ជាមួយក្ដីរំពឹងថា នេះជាសញ្ញាមួយនៃការពង្រឹងកិច្ចសហប្រតិបត្តិការជាសកល ដើម្បីបញ្ចប់ការឆ្លងរាតត្បាត COVID-19។ ក្ដីរំពឹងនៅត្រង់នេះរបស់លោក Tedros គឺលោកចង់សំដៅថា លោក បៃដិន អាចនឹងចូលរួមឡើងវិញជាមួយអង្គការ WHO បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសផ្ដាច់ទំនាកទំនង និងដកអាមេរិក ចេញពីស្ថាប័នអន្តរជាតិមួយនេះ៕