(បូស្ដុន)៖ ភាគហ៊ុនសកល និងតម្លៃប្រេងបានហក់ឡើងថ្លៃ រីឯប័ណ្ណរតនាគារជាច្រើនត្រូវបានលក់ចេញ នៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅអាមេរិក) ខណៈការរីកចម្រើនក្នុងការអភិវឌ្ឍវ៉ាក់សាំង COVID-19 កំពុងធ្វើឱ្យក្រុមអ្នកវិនិយោគ មានជំនឿចិត្តលើការងើបឡើងវិញ នៃសេដ្ឋកិច្ចពិភពលោក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្រុមហ៊ុនផលិតឱសថអាមេរិក ភីហ្វីហ្សឺ (Pfizer) នៅថ្ងៃចន្ទសប្ដាហ៍នេះ បានឱ្យដឹងថា វ៉ាក់សាំង COVID-19 របស់ខ្លួន ដែលអភិវឌ្ឍក្រោមកិច្ចសហការ ជាមួយក្រុមហ៊ុនអាល្លឺម៉ង់ បាយអូអិនធិច (BioNTech SE) មានប្រសិទ្ធភាពលើសពី ៩០ភាគរយទៅទៀត ហើយនេះជាលទ្ធផលធ្វើតេស្ដ ក្នុងដំណាក់កាលចុងក្រោយ ជាលក្ខណៈទ្រង់ទ្រាយធំ ទទួលបានជោគជ័យដំបូងគេបំផុត។
ក្រោយការប្រកាសពីព័ត៌មានខាងលើនេះ ទីផ្សារហ៊ុនអាមេរិក វ៉ល ស្ទ្រីត (Wall Street) និង ដូ ចនស៍ (Dow Jones) បានហក់ឡើង ២.៩ភាគរយ ខណៈទីផ្សារហ៊ុនជប៉ុន នីកកេយ (Nikkei) កើនឡើង ១.៥ភាគរយ ហើយផ្សារហ៊ុនហុងកុង ហង សេង (Hang Seng) បានកើនឡើង ១.៨៥ភាគរយ។
គួរជម្រាបថា ក្រៅពីនេះតម្លៃហ៊ុននៃប្រេងឆៅនៅលើទីផ្សារសកល ក៏បានហក់ឡើងថ្លៃខ្ពស់បំផុតផងដែរ ដែលមិនធ្លាប់មានក្នុងរយៈពេលជាង ៥ខែមកនេះ ស្របពេលព័ត៌មានអំពីវ៉ាក់សាំង COVID-19 ខាងលើ និងកិច្ចព្រមព្រៀងលើទិន្នផលរបស់អង្គការប្រេង OPEC កំពុងជំរុញឲ្យមានគំនិតសុទិដិ្ឋនិយម លើការកើនឡើងជាថ្មីនៃតម្រូវការក្នុងទីផ្សារសកល៕