(ហ្សឺណែវ)៖ មន្ត្រីជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃចន្ទសប្តាហ៍នេះបានប្រកាសឱ្យដឹងថា វ៉ាក់សាំង COVID-19 អាចត្រូវបានដាក់ឱ្យប្រើប្រាស់ នៅក្នុងខែមីនាឆ្នាំ ២០២១ ដល់បណ្តាជនដែលងាយរងគ្រោះបំផុត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។
លោក ប្រ៊ូស អាលវើដ (Bruce Aylward) មន្ត្រីជាន់ខ្ពស់មួយរូបនៃ WHO បានថ្លែងនៅក្នុងមហាសន្និបាតប្រចាំឆ្នាំ របស់អង្គការសុខភាពពិភពលោក ពីលទ្ធផលបណ្តោះអាសន្ន ស្តីពីការធ្វើតេស្តសាកល្បង វ៉ាក់សាំងដំណាក់កាលចុងក្រោយរបស់ក្រុមហ៊ុន Pfizer បានបង្ហាញពី «ប្រសិទ្ធភាពដ៏វិជ្ជមាន» គួរឱ្យកត់សំគាល់។
នៅក្នុងវេទិកាខាងលើ ដែលមានរដ្ឋជាសមាជិកចំនួន ១៩៤ លោក Aylward បានលើកឡើងយ៉ាងដូច្នេះថា «យើងនៅមានការងារជាច្រើនទៀត ដែលចំបាច់ត្រូវធ្វើ... នេះគ្រាន់តែជាលទ្ធផលបណ្តោះអាសន្នប៉ុណ្ណោះ ប៉ុន្តែលទ្ធផលដ៏វិជ្ជមានផ្សេងទៀត នឹងមកដល់នៅថ្ងៃនេះ ដែលអាចជួយស្រោចស្រង់ពិភពលោកទាំងមូល ដែលកំពុងញំញីដោយសារវិបត្តិ នៃជំងឺរាតត្បាត»។ លោក Alyward បានបន្ថែមទៀតថា នៅត្រឹមខែមីនា ឆ្នាំក្រោយ (ឆ្នាំ២០២១) លទ្ធផលនៃការងារដ៏អស្ចារ្យ ដែលកំពុងកើតឡើងនៅទូទាំងពិភពលោក ពិតជាអាចផ្លាស់ប្តូរទិសដៅ នៃវិបត្តិជំងឺ COVID-19 ទាំងស្រុង ។
ការលើកឡើងនេះត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនអាមេរិក Pfizer ក្រោមកិច្ចសហការជាមួយក្រុមហ៊ុនអាល្លឺម៉ង់បាយអូអិនធិច (BionTech) បានប្រកាសឱ្យដឹងថា វ៉ាក់សាំង COVID-19 ដែលក្រុមហ៊ុនបានអភិវឌ្ឍ «មានប្រសិទ្ធភាពជាង ៩០ភាគរយ» ដោយបាននិងកំបុងបង្កើនក្តីសង្ឃឹមបន្ថែមទៀត ខណៈដែលករណីឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោកមានច្រើនជាង ៥០លានករណី ក្នុងនោះមនុស្សប្រហែលជា ១.២ លាននាក់ទៅហើយបានស្លាប់។ អគ្គនាយកអង្គការសុខភាពពិភពលោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) ក៏បានសម្តែងការស្វាគមន៍ ចំពោះព័ត៌មានដ៏អស្ចារ្យមួយនេះ នៅលើគណនីបណ្តាញសង្គម Twitter របស់លោកផងដែរ។
បេក្ខភាពវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech មិនស្ថិតនៅក្នុងចំណោមបេក្ខភាពវ៉ាក់សាំងដំបូងៗទាំង ៩ ដែលជាផ្នែកមួយនៃកម្មវិធី COVAX គ្រប់គ្រងដោយ WHO នោះឡើយ។ ក្រុមហ៊ុនក៏បានបង្ហាញពីចំណាប់អារម្មណ៍ ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងរបស់ខ្លួន នៅក្នុងកម្មវិធីនេះផងដែរ ខណៈដែល WHO កំពុងពិចារណាដាក់ចូលបេក្ខភាពវ៉ាក់សាំងដទៃទៀត នៅក្នុងកម្មវិធីរបស់ខ្លួន។ ទន្ទឹងគ្នានេះដែរ ក្រុមហ៊ុន Pfizer និង BioNTech រំពឹងថា នឹងស្នើសុំការអនុញ្ញាតពីសហរដ្ឋអាមេរិក នៅក្នុងខែវិច្ឆិកានេះតែម្តង សម្រាប់ការប្រើប្រាស់វ៉ាក់សាំងនេះជាបន្ទាន់ និងពីលទ្ធភាពទទួលបាន ការអនុញ្ញាតតាមផ្លូវច្បាប់ ឱ្យប្រើប្រាស់នៅត្រឹមខែធ្នូ។
គួរបញ្ជាក់ថា លោក Aylward បានផ្តល់ការវាយតម្លៃប្រកបដោយសុទិដ្ឋិនិយម ចំពោះបេក្ខភាពវ៉ាក់សាំង COVID-19 ខាងលើនេះ។ តែទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញរូបនេះក៏បានព្រមានពីកង្វះថវិកាប្រមាណជា ៤.៥ពាន់លានដុល្លារអាមេរិក ដែលអាចកាត់បន្ថយល្បឿន ក្នុងការធ្វើតេស្តវ៉ាកសាំង និងទទួលបានវ៉ាក់សាំងនៅក្នុងប្រទេស ដែលមានប្រាក់ចំណូលទាប និងមធ្យមផងដែរ៕