(វ៉ាស៊ីនតោន)៖ ជ័យជម្នះរបស់លោក ចូ បៃដិន នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីសប្ដាហ៍មុន ប្រហែលជានឹងបិទបញ្ចប់សករាជដឹកនាំរបស់ លោកប្រធានាធិបតី ដូណាល់ ត្រាំ ប៉ុន្តែព្រមពេលជាមួយគ្នា អ្នកជំនាញជាច្រើនបានយល់ឃើញថា ទស្សនវិជ្ជានយោបាយ ឬគោលគំនិតដឹកនាំរបស់លោក ត្រាំ ក្នុងរយៈពេលជិត ៤ឆ្នាំមកនេះដែលគេស្គាល់ថា ត្រាំភីហ្សឹម (Trumpism) នឹងនៅតែបន្តស្ថិតក្នុងផ្នត់គំនិតនៃសង្គមអាមេរិក ជាពិសេសក្នុងចំណោមអ្នកនយោបាយ នៃគណបក្សសាធារណរដ្ឋ យូរឆ្នាំទៅមុខទៀត។ នេះបើតាមការដកស្រង់ផ្សាយ ដោយសារព័ត៌មាន Washington Post នៅរសៀលថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្នុងរយៈពេល ០៤ឆ្នាំមកនេះ រឿងដែលមិនអាចប្រកែកបានឡើយនោះគឺ លោក ដូណាល់ ត្រាំ ពិតជាបានផ្លាស់ប្ដូរគណបក្សសាធារណរដ្ឋ ហើយជាមួយពាក្យស្លោក «Make America Great Again ឬធ្វើឱ្យអាមេរិកអស្ចារ្យម្ដងទៀត» និងតម្កល់ផលប្រយោជន៍អាមេរិកមុនគេ ឬ America First ដែលលោក ត្រាំ បានរកផលចំណេញមិនតិចនោះទេ ឱ្យសហរដ្ឋអាមេរិក ដោយសូម្បីតែអតីតប្រធានាធិបតី លោក ចច ដាប៊ែលយូ ប៊ូស (George W. Bush) ក៏បានកោតសរសើរផងដែរពីសមិទ្ធផលនយោបាយ ដ៏អស្ចារ្យដែលលោក ត្រាំ សម្រេចបាន។
ជុំវិញបញ្ហានេះដែរ លោក ប្រ៊ែដ ផាស្កាល់ (Brad Parscale) ជាអតីតអ្នកគ្រប់គ្រង ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់ លោក ត្រាំ បាននិយាយថា ទស្សនវិជ្ជានយោបាយ «Trumpism» នៅតែមានប្រជាប្រិយភាព នៅក្នុងចំណោមប្រជាជនអាមេរិក ហើយវាបានបង្ហាញយ៉ាងច្បាស់ តាមរយៈប្រជាជនអាមេរិកច្រើនជាង ៧០លាននាក់ ដែលបានបោះឆ្នោតឱ្យលោក ត្រាំ។ លោក Parscale បានសង្កត់ធ្ងន់បន្ថែមយ៉ាងដូច្នេះថា «លោកប្រធានាធិបតី ត្រាំ នៅតែត្រូវបានប្រជាជនអាមេរិករាប់លាននាក់ គោរពស្រឡាញ់ ដែលនឹងមិនរលាយបាត់ក្នុងពេលដ៏ខ្លីនោះឡើយ។ លោកនៅតែអាចធ្វើអ្វីដែលលោកចង់ធ្វើ ក្នុងនោះមានការចូលរួមប្រកួតប្រជែងម្ដងទៀត ក្នុងការបោះឆ្នោតប្រធានាធិបតីក៏ថាបាន»។
គួរជម្រាបថា ទោះបីជាបានបរាជ័យ នៅក្នុងការបោះឆ្នោតក៏ដោយ ក៏គេមិនទាន់ឃើញថ្នាក់ដឹកនាំគណបក្សសាធារណរដ្ឋភាគច្រើនបន្ទោស លោក ដូណាល់ ត្រាំ នោះដែរ ហើយមិនតែប៉ុណ្ណោះមានសមាជិកសភាបក្សសាធារណរដ្ឋខ្លះ ថែមទាំងជំរុញឱ្យលោក ត្រាំ កុំទទួលស្គាល់លទ្ធផលបោះឆ្នោត ហើយខ្លះទៀតថែមទាំងជឿជាក់ទៀតផងថា លោក ត្រាំ នៅតែមានឱកាសឈ្នះ បើការតវ៉ាជំទាស់លទ្ធផលបោះឆ្នោតតាមផ្លូវច្បាប់ ឡើងទៅដល់តុលាការកំពូលអាមេរិកទៀតផង៕