(វ៉ាស៊ីនតោន)៖ រដ្ឋបាលលោក ដូណាល់ ត្រាំ បានធ្វើឱ្យការផ្ទេរអំណាចប្រធានាធិបតី ធ្លាក់ចូលក្នុងស្ថានភាពកាន់តែស្មុគស្មាញ ដោយបានហាមឃាត់ក្រុមមន្ត្រីរបស់លោកទាំងអស់ ពីកិច្ចសហប្រតិបត្តិការជាមួយក្រុមការងារនៃប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន ខណៈអគ្គរដ្ឋអាជ្ញា លោក William Barr អនុញ្ញាតឱ្យក្រសួងយុត្តិធម៌បើកការស៊ើបអង្កេតលើ ការចោទប្រកាន់ថាមានការលួចបន្លំសន្លឹកឆ្នោត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។
លោក ដូណាល់ ត្រាំ មកទល់នឹងពេលនេះ មិនបានទទួលស្គាល់លទ្ធផលបោះឆ្នោតទេ ដោយនៅតែបន្តចោទប្រកាន់ថាមានការលួចបន្លំសន្លឹកឆ្នោត ជាហេតុធ្វើឱ្យចាញ់លោក បៃដិន ក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីសប្ដាហ៍មុន។ ទោះបីជាមានភស្តុតាងតិចតួចក៏ដោយ លោក William Barr នៅតែអនុញ្ញាតឱ្យមានការស៊ើបអង្កេតជុំវិញការអះអាងរបស់ លោក ត្រាំ។
បន្ថែមពីលើនេះ លោក ត្រាំ ថែមទាំងបានហាមឃាត់ក្រុមមន្ត្រីរបស់លោកទាំងអស់ ពីកិច្ចសហប្រតិបត្តិការជាមួយក្រុមការងារនៃប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន ផងដែរ ស្របពេលគេមើលឃើញថាសេតវិមាន កំពុងធ្វើយុទ្ធនាការបណ្ដេញមន្ត្រីដែលមិនស្មោះនឹងលោក ត្រាំ ចេញពីតំណែង ក្រោយរដ្ឋមន្ត្រីការពារជាតិ លោក Mark Esper ត្រូវបាន បណ្ដេញចេញពីតំណែង ដោយសារតែលោក Esper ធ្លាប់ជំទាស់នឹងគំនិតរបស់លោក ត្រាំ ដែលចង់ប្រើប្រាស់កម្លាំងយោធា ដោះស្រាយជាមួយក្រុមបាតុករប្រឆាំងការរើសអើង ពូជសាសន៍។
គួរបញ្ជាក់ថា បើតាមមនុស្សជាច្រើននាក់នៅជុំវិញលោក ត្រាំ ប្រធានាធិបតីអាមេរិករូបនេះ ទំនងជានឹងមិនទទួលស្គាល់បរាជ័យជាផ្លូវការឡើយ។ ប៉ុន្តែ លោកអាចនឹងចាកចេញពី សេតវិមាន នៅពេលអាណត្តិរបស់លោកត្រូវបញ្ចប់ ហើយមុននឹងចាកចេញ លោកអាចនឹងបង្កភាពស្មុគស្មាញជាច្រើន រីឯមន្ត្រីជាច្រើននាក់ទៀត ត្រូវបានគេរំពឹងថានឹងត្រូវ បណ្ដេញពីតំណែងជាបន្តបន្ទាប់ ក្នុងនោះរួមមាននាយក FBI លោក Christopher Wray, នាយក CIA លោកស្រី Gina Haspel និងអ្នកជំនាញកំពូលផ្នែកជំងឺឆ្លង លោក Anthony Fauci៕