(ម៉ូស្គូ)៖ មេដឹកនាំរុស្ស៊ី អាមេនី និងអាស៊ែបៃហ្សង់ បានអនុម័តសេចក្តីថ្លែងការណ៍រួមមួយនៅថ្ងៃចន្ទសប្តាហ៍នេះ ដើម្បីបញ្ឈប់សង្គ្រាមនៅតំបន់ ណាហ្គ័រណូ-ការ៉ាបាក (Nagorno-Karabakh) ដែលបានផ្ទុះឡើងកាលពីចុងខែកញ្ញា។ បទឈប់បាញ់មួយក៏ត្រូវបានបង្កើតឡើង នឹងបានចូលជាធរមានផងដែរនៅម៉ោង ២១៖០០ នៅថ្ងៃដដែល ហើយរុស្ស៊ីត្រូវមានតួនាទីសំខាន់ នៅក្នុងការឃ្លាំមើលស្ថានការណ៍នេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្រសួងការពារជាតិរុស្ស៊ីនៅថ្ងៃព្រហស្បតិ៍នេះបានបញ្ជាក់ថា កងឧទ្ធម្ភាគចក្រប្រយុទ្ធ Mi-8 និង Mi-24 ចំណុះស្ថាប័នទ័ពអាកាសរុស្ស៊ី នឹងចូលរួមនៅក្នុងប្រតិបត្តិការរក្សាសន្តិភាព ដើម្បីដោះស្រាយជម្លោះនៅតំបន់ Nagorno-Karabakh។ ឧទ្ធម្ភាគចក្រ Mi-8 និង Mi-24 ចំនួន ០៨គ្រឿង ត្រូវបានបញ្ជូនទៅកាន់អាកាសយានដ្ឋានមួយកន្លែង នៅតំបន់ យែរ៉ាវ៉ាន (Yerevan) ដោយដឹកជញ្ជូន ដោយយន្តហោះយោធាធុនធំប្រភេទ An-124 រូស្លេន (Ruslan)។
គួរបញ្ជាក់ថា នាយឧត្តមសេនីយ៍រុស្ស៊ីបានរាយការណ៍ថា កងរក្សាសន្តិភាពរុស្ស៊ីចំនួន ៤១៤នាក់ និងរថយន្តជាច្រើនគ្រឿង ឧទ្ធម្ភាគចក្រ ព្រមទាំងយន្តហោះគ្មានមនុស្សបើក (ដ្រូន) ចំនួន ០៨គ្រឿង ត្រូវបានដឹកជញ្ជូនទៅកាន់តំបន់ Nagorno-Karabakh ក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ។ ជារួមប្រទេសរុស្ស៊ីបានបញ្ចូនកងទ័ពសរុបចំនួន ១,៩៦០នាក់, រថពាសដែក ៩០គ្រឿង, រថយន្តយោធា ៣៨០គ្រឿង និងឧបករណ៍ជាច្រើនផ្សេងទៀត៕