(កៀវ)៖ សារព័ត៌មានអនឡាញមួយនៅអ៊ុយក្រែន (Ukrayinska Pravda) បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមា ហ្សេឡិនស្កាយ (Volodymyr Zelensky) និងប្រធានការិយាល័យប្រធានាធិបតី លោក អាឌ្រីយ យែម៉ាក (Andriy Yermak) ដែលកាលពីថ្ងៃច័ន្ទដើមសប្ដាហ៍នេះ ត្រូវបានគេធ្វើតេស្តឃើញ លទ្ធផលវិជ្ចមានចំពោះ COVID-19 បច្ចុប្បន្ននេះ កំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យនៅឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។
ទីប្រឹក្សាជាន់ខ្ពស់នៃការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក មីខៃឡូ ផូដូលៀក (Mykhailo Podoliak) បានគូសបញ្ជាក់ថា «អ្វីៗគ្រប់យ៉ាងគឺតឹងរ៉ឹងណាស់ ដែលវាត្រូវបានកំណត់តាមពិធីការ។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និងប្រធាននៃការិយាល័យប្រធានាធិបតី លោក Andriy Yermak កំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ហ្វេអូហ្វានៀ (Feofania) ដែលមានការិយាល័យពិសេស អាចឱ្យលោកប្រធានាធិបតីបើកកិច្ចប្រជុំបាន»។
លោក Podoliak បានគូសបញ្ជាក់បន្ថែមថា ប៉ុស្តិ៍ធ្វើទំនាក់ទំនងជាប្រព័ន្ធមួយត្រូវបានបង្កើតឡើង នៅបន្ទប់សម្រាកព្យាបាលរបស់លោកប្រធានាធិបតី Zelensky ដែលអនុញ្ញាតឱ្យលោកបន្តធ្វើការ តាមកាលវិភាគការងាររបស់លោក បានយ៉ាងទៀងទាត់ ខណៈដែលលោកកំពុងស្ថិតក្រោម ការសម្រាកព្យាបាលដាច់ដោយឡែកនោះ។
គួរបញ្ជាក់ថា បើតាមក្រសួងសុខាភិបាលអ៊ុយក្រែន ករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសមានចំនួន ៥០០,៨៦៥ករណី ក្នុងនោះមានអ្នកស្លាប់ចំនួន ៩,១៤៥នាក់ និងជាសះស្បើយចំនួន ២២៧,៦៩៤នាក់៕