(បរទេស)៖ ភពអង្គារ គឺជាគោលដៅសំខាន់បំផុតមួយ នៃការសិក្សាស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្រ្តនៅលើផែនដី។ ក្រៅពីការបញ្ជូនគ្រឿងយន្តរ៉ូបូតទៅកាន់ទីនោះ ការអភិវឌ្ឍបច្ចេកវិទ្យាទំនើបៗ ដើម្បីអនុញ្ញាតឲ្យមានការចេញ បេសកកម្មដោយមនុស្សទៅកាន់ភពអង្គារ ឲ្យបានឆាប់បំផុត នៅកំឡុងទសវត្សរ៍ឆ្នាំ២០៣០ ក៏បានចាប់ផ្តើមប្រព្រឹត្តទៅរួចស្រេចផងដែរ ដោយទីភ្នាក់ងារអវកាសអាមេរិក NASA។ នេះបើតាមការចេញផ្សាយដោយ Science Daily នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។
សមត្ថភាពបច្ចេកវិទ្យាជាច្រើន នឹងត្រូវបង្ហាញនៅក្នុងបេសកកម្ម Artemis របស់ NASA ជាមុនសិន ដែលមានគោលដៅផ្តោតលើព្រះច័ន្ទ ប៉ុន្តែក៏មានបច្ចេកវិទ្យាដទៃទៀត ដែលកំពុងត្រូវអភិវឌ្ឍឡើងជាពិសេស សម្រាប់ឲ្យមនុស្សធ្វើការស្រាវជ្រាវរុករក នៅកន្លែងឆ្ងាយៗជាងនេះទៅទៀត ដូចជាភពអង្គារតែម្តង។ ខាងក្រោមគឺជាបច្ចេកវិទ្យាចម្បងៗ ដែល NASA កំពុងប្រឹងប្រែងយកចិត្តទុកដាក់អភិវឌ្ឍ ដើម្បីអាចធ្វើឲ្យក្តីស្រមៃក្នុងការបញ្ជូនមនុស្ស ទៅកាន់ភពអង្គារក្លាយជាការពិត៖
* ប្រព័ន្ធម៉ាស៉ីនដែលខ្លាំងក្លាឆ្ងាយជាងបច្ចុប្បន្ន ដើម្បីនាំយកយើងទៅកាន់ទីនេះ ហើយត្រឡប់មកវិញបានឆាប់
ភាពរីកចម្រើននៃបច្ចេកវិទ្យាម៉ាស៉ីនជំរុញយានអវកាស គឺជាកូនសោដ៏សំខាន់ ក្នុងការនាំយើងទៅកាន់គោលដៅបានឆាប់ និងដោយសុវត្ថិភាព នៅក្នុងទីអវកាស។ បច្ចុប្បន្នវាមិនទាន់ច្បាស់ទេថា អ្នកវិទ្យាសាស្រ្តនឹងប្រើបច្ចេកវិទ្យាម៉ាស៉ីនអ្វី ដើម្បីបញ្ជូនអវកាសយានិក ទៅកាន់ភពអង្គារ ប៉ុន្តែ NASA កំពុងផ្តោតលើ បច្ចេកវិទ្យាថាមពលនុយក្លេអ៊ែរមួយចំនួន។
* ពោងខែលការពារកម្តៅ សម្រាប់ការចុះចតរបស់អវកាសយានិក
ដោយផ្ទុយពីការបញ្ជូនយានរ៉ូបូតឲ្យទៅចុះចតនៅភពអង្គារ ការបញ្ជូនមនុស្សនឹងត្រូវការយានអវកាស ដែលធំខ្លាំង។ ហេតុនេះហើយ គេត្រូវការបច្ចេកវិទ្យាថ្មីៗ ដើម្បីអនុញ្ញាតឲ្យយានអវកាសដែលធ្ងន់ ហើយធំជាងរាល់ដង អាចចុះទៅកាន់ផ្ទៃភពអង្គារដោយសុវត្ថិភាព។ NASAកំពុងអភិវឌ្ឍពោងខែលការពារកម្តៅមួយ។
* ឈុតអវកាសសម្រាប់អវកាសយានិកនៅភពអង្គារ
សម្រាប់អវកាសយានិកដំបូងគេ ដែលនៅលើផ្ទៃព្រះច័ន្ទ ក្នុងបេសកកម្ម Artemis គឺពួកគេនឹងស្លៀកឈុតអវកាសកាសជំនាន់ថ្មីរបស់ NASA ហៅថា xEMU។ NASA នឹងធ្វើការកែប្រែបន្ថែមលើឈុតនេះ ដើម្បីឲ្យស្របទៅតាមបរិស្ថានរបស់ភពអង្គារ សម្រាប់បេសកកម្មនៅទីនោះ។
* បន្ទប់ស្នាក់នៅ និងមន្ទីរពិសោធន៍ ដែលអាចចល័តបាននៅលើភពអង្គារ
ដើម្បីកាត់បន្ថយចំនួនសម្ភារៈ ដែលត្រូវបញ្ជូនទៅលើផ្ទៃភពអង្គារ NASA សម្រេចផ្តោតទៅលើការរួមបញ្ចូលគ្នារវាងកន្លែងស្នាក់នៅ និងយានជំនិះសម្រាប់ធ្វើដំណើរ ទៅជាវត្ថុតែមួយ។ NASA កំពុងផ្តោតលើបច្ចេកវិទ្យាយានជំនិះ សម្រាប់ធ្វើនៅលើសណ្ឋានដីរបស់ភពអង្គារ ហើយឲ្យយាននោះអាចដើរតួនាទីជាបន្ទប់ស្នាក់នៅ ឬបន្ទប់ពិសោធន៍ ដែលមានខ្យល់ដង្ហើមធម្មតាផងដែរ ពោលគឺប្រៀបដូចរថយន្តប្រភេទ RV លើផែនដីយើងយ៉ាងដូច្នោះ។
* ថាមពលផ្គត់ផ្គង់ដែលមិនចេះដាច់
ក្រុមអវកាសយានិកត្រូវការថាមពលផ្គត់ផ្គង់ ដែលមានទម្ងន់ស្រាល ហើយអាចដំណើរការបានជាប់រហូត ទោះស្ថិតនៅកន្លែងណាឬក្រោម លក្ខខណ្ឌអាកាសធាតុបែបណាក៏ដោយលើភពអង្គារ។ ថាមពលសមស្របបំផុតសម្រាប់ការប្រើប្រាស់នៅទីនោះ គឺថាមពលនុយក្លេអ៊ែរ ប្រភេទ nuclear fission ជាជាងថាមពលសូឡា (ពន្លឺព្រះអាទិត្យ)។ NASA ធ្លាប់ធ្វើតេស្តបច្ចេកវិទ្យានេះជាច្រើនលើកមកហើយលើផែនដី និងគ្រោងធ្វើតេស្តការប្រើបច្ចេកវិទ្យានុយក្លេអ៊ែរនេះ នៅលើឋានព្រះច័ន្ទជាមុនសិន។
* បច្ចេកវិទ្យាទំនាក់ទំនងដោយប្រើកាំរស្មីឡាស៊ែរ ដើម្បីបញ្ជូនទិន្នន័យបានច្រើនជាងមុន
បេសកកម្មមនុស្សទៅកាន់ភពអង្គារ ទំនងជានឹងត្រូវប្រើប្រាស់បច្ចេកវិទ្យាឡាស៊ែរ ដើម្បីរក្សាការទំនាក់ទំនងជាមួយផែនដី ព្រោះវាល្បឿន និងមានគុណភាពខ្ពស់។ ឧទាហរណ៍ការបញ្ជូនទិន្នន័យមួយពីភពអង្គារមកផែនដី ដែលនឹងប្រើពេលរាប់ឆ្នាំតាមរយៈប្រព័ន្ធទំនងបែបវិទ្យុ នឹងត្រូវប្រើពេលត្រឹមប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ តាមរយៈឡាស៊ែរ។ ការទំនាក់ទំនងគ្នាផ្ទាល់រវាងក្រុមការងារនៅផែនដី និងក្រុមអវកាសយានិក នៅលើភពអង្គារ ក៏នឹងមានប្រសិទ្ធភាពជាងមុនឆ្ងាយថែមទៀត។ NASA ក៏ធ្លាប់សាកល្បងបច្ចេកវិទ្យាទាក់ទងដោយប្រើឡាស៊ែរនេះ នៅឋានព្រះច័ន្ទ កាលពីឆ្នាំ២០១៣ ផងដែរ៕