(វូហាន)៖ ពិព័រណ៍សុខភាពថ្នាក់អន្តរជាតិមួយ បានប្រព្រឹត្តទៅក្នុងទីក្រុងវូហាន (Wuhan) នៃខេត្តហ៊ូប៉ី (Hubei) ប្រទេសចិន ដែលធ្លាប់ជាចំនុចកណ្ដាលនៃជំងឺឆ្លងរាតត្បាត COVID-19។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។
ពិព័រណ៍សុខភាពពិភពលោកលើកទី២ ដែលបានបើកដំណើរការ កាលពីថ្ងៃពុធម្សិលមិញនេះ បានទាក់ទាញភ្ញៀវប្រមាណ ១៣,០០០នាក់ មកពីប្រទេស និងតំបន់ចំនួន៣៤។ អ្នកដាក់តាំងពិព័រណ៍ជាង ១២០០នាក់ រួមទាំងក្រុមហ៊ុន General Electric, ក្រុមហ៊ុន Philips, និងក្រុមហ៊ុន Siemens ក៏បានចូលរួមក្នុងពិព័រណ៍សុខភាពពិភពលោកនេះដែរ ដោយតំបន់តាំងពិព័រណ៍ដែលមានទំហំ ១៤០,០០០ម៉ែត្រក្រឡា។
វាជាពិព័រណ៍សុខភាពដ៏ធំជាងគេ ដែលរៀបចំឡើងដោយរដ្ឋាភិបាលក្នុងទីក្រុង វូហាន ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺឆ្លងរាតត្បាត (COVID-19) កាលពីដើមឆ្នាំនេះ។ ពិព័រណ៍សុខភាពដ៏ធំនេះ ក៏បានដាក់តាំងបង្ហាញជាពិសេសនូវ សមា្ភរៈបរិក្ខាប្រឆាំងនឹងការឆ្លងរីករាលដាលនៃ COVID-19 មួយចំនួន រួមមានម៉ាស៊ីនសម្រាប់តេស្តរកជំងឺវីរុស (Nucleic Acid Testing Machines), ឧបករណ៍ដកដង្ហើម និងឧបករណ៍ ECMO ផងដែរ។
គួរជម្រាបថា ពិព័រណ៍សុខភាពដ៏ធំនេះ មានរយៈពេល៤ថ្ងៃ ដោយចាប់ផ្ដើមកាលពីថ្ងៃពុធ នៅឯមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិវូហាន ដែលជាអតីតមន្ទីរពេទ្យបណ្ដោះអាសន្ន មួយសម្រាប់អ្នកជំងឺ COVID-19 ត្រូវបានគេដាក់ឱ្យសម្រាក និងព្យាបាល៕