(រ៉ង់ហ្គូន)៖ អាជ្ញាធរសុខាភិបាលមីយ៉ាន់ម៉ា នៅថ្ងៃព្រសហស្បតិ៍នេះ បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗ នៃជំងឺ COVID-19 ចំនួន ១,១៤៥ករណី ដែលនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេសអាស៊ានមួយនេះ កើនដល់ ៦៥,៥៩៨ករណី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិការ ឆ្នាំ២០២០។
ក្នុងរយៈពេលដូចគ្នានេះ ក្រៅពីករណីឆ្លង ក៏មានករណីស្លាប់ថ្មីៗចំនួន ២៨នាក់ផងដែរ ត្រូវបានកត់ត្រា ដែលនាំឲ្យចំនួនអ្នកស្លាប់សរុប កើនដល់ ១,៥០៨នាក់។ ក្នុងចំណោមករណីឆ្លងទាំង ៦៥,៥៩៨ករណីខាងលើ មានអ្នកជាសះស្បើយឡើងវិញចំនួន ៤៩,៥៦៣នាក់។
គួរជម្រាបថា មកទល់ពេលនេះ មានមនុស្សសរុប ៨៥៣,៩៤៧នាក់ហើយ ដែលត្រូវធ្វើតេស្តរក COVID-19 ខណៈប្រទេសអាស៊ានមួយនេះ បានរកឃើញករណីឆ្លងដំបូងចំនួន ២ករណី កាលពីថ្ងៃទី២៣ ខែមីនាកន្លងទៅ៕