(ភែនស៊ីលវេនៀ)៖ ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានទម្លាក់ចោលផែ្នកដ៏សំខាន់មួយចំនួន នៃពាក្យបណ្ដឹងដែលខ្លួនដាក់ ដើម្បីរារាំងមិនឱ្យរដ្ឋភែនស៊ីលវេនៀ (Pennsylvania) ទទួលស្គាល់ភាពផ្លូវការ នៃលទ្ធផលបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃទី០៣ ខែវិច្ឆិកាកន្លងទៅ ដែលបានផ្តល់ជ័យជម្នះឲ្យលោក ចូ បៃដិន នោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។
នៅក្នុងការកែតម្រូវពាក្យបណ្ដឹងរបស់ខ្លួន កាលពីថ្ងៃអាទិត្យ (ពេលវេលានៅអាមេរិក) ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ បានដកចោលការចោទប្រកាន់ថា «ក្រុមមន្ត្រីបោះឆ្នោតបានរារាំងដោយខុសច្បាប់ មិនឱ្យក្រុមអ្នកអង្កេតការណ៍ ឈរមើលការរាប់សន្លឹកឆ្នោតតាមប្រៃសណីយក្នុងទីក្រុង ហ្វីឡាឌែលលហ្វៀរ (Philadelphia) និងទីក្រុង ភីតស៍ប៊ឺក (Pittsburgh) នៃរដ្ឋ Pennsylvania»។ ទោះជាបែបនេះក្តី ពាក្យបណ្តឹងលើករណីផ្សេងៗទៀត នៅតែបន្តប្រព្រឹត្តទៅដូចមុន។
បើតាមក្រុមមន្ត្រីបោះឆ្នោតអាមេរិក ជម្លោះលើលទ្ធផលបោះឆ្នោតបានធ្វើឱ្យប៉ះពាល់តិចតួចប៉ុណ្ណោះ ដល់សន្លឹកឆ្នោតនៅក្នុងរដ្ឋ Pennsylvania ជាទីដែលលោក ចូ បៃដិន ទទួលបានជ័យជម្នះលើលោក ដូណាល់ ត្រាំ ក្នុងសំឡេងនាំមុខច្រើនជាង ៦០,០០០សំឡេង។ រដ្ឋ Pennsylvania នឹងត្រូវបញ្ជាក់លើ លទ្ធផលបោះឆ្នោតជាផ្លូវការនៅថ្ងៃទី២៣ ខែវិច្ឆិកានេះ។
គួរបញ្ជាក់ថា បើយោងទៅលើលទ្ធផលជាក់ស្តែង នៃស្ថាប័នតាមដាក់ការបោះឆ្នោតនៅអាមេរិក Edison Research បានបង្ហាញថា លោក ចូ បៃដិន ទទួលបានសំឡេងអ្នកបោះឆ្នោតតំណាងសរុប ៣០៦រូប ខណៈលោក ដូណាល់ ត្រាំ វិញទទួលបានតែ ២៣២រូបប៉ុណ្ណោះ នៅក្នុងចំណោមអង្គបោះឆ្នោតសរុប ៥៣៨រូប៕