(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បាននិយាយថាសហរដ្ឋអាមេរិក បច្ចុប្បន្នកំពុងស្ថិតនៅក្នុងស្ថានភាពបែកបាក់គ្នាយ៉ាងជ្រៅ ហើយ ការបោះឆ្នោតតែមួយលើក ក្នុងឆ្នាំ២០២០នេះ នឹងមិនអាចបញ្ឈប់ការបែកបាក់នេះបានឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។
លោក អូបាម៉ា ធ្វើការកត់សម្គាល់ខាងលើនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន BBC កាលពីថ្ងៃអាទិត្យម្សិលមិញ។ អតីតប្រធានាធិបតីអាមេរិករូបនេះ បានលើកឡើង ដូច្នេះថា៖ «ជាការពិតណាស់ យើងកំពុងបែកបាក់គ្នាខ្លាំងបំផុត ពោលគឺខ្លាំងជាងកាលពីខ្ញុំចូលរួមប្រជែងយកតំណែងប្រធានាធិបតីនៅឆ្នាំ២០០៧ និងនៅពេលខ្ញុំជាប់ ឆ្នោតជាប្រធានាធិបតី ក្នុងឆ្នាំ២០០៨ ទៅទៀត»។
គួរបញ្ជាក់ថា បើតាមលោក បារ៉ាក់ អូបាម៉ា ការបោះឆ្នោតតែមួយលើកក្នុងឆ្នាំ២០២០នេះ នឹងមិនអាចបញ្ឈប់ការបែកបាក់គ្នាក្នុងពេលបច្ចុប្បន្នបានឡើយ ដោយប្រហែលជា សហរដ្ឋអាមេរិកត្រូវការការបោះឆ្នោតជាច្រើនដងទៀត ទើបអាចដោះស្រាយបញ្ហានេះបាន។ មិនតែប៉ុណ្ណោះ លោក អូបាម៉ា ក៏បានសង្កត់ធ្ងន់ដែរថាជ័យជម្នះរបស់លោក ចូ បៃដិន ក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃទី០៣ ខែវិច្ឆិកាកន្លងទៅ គ្រាន់តែការចាប់ផ្ដើមការជួសជុលការបែកបាក់គ្នា តែប៉ុណ្ណោះ៕