(លីម៉ា)៖ ប្រធានាធិបតីស្តីទីរបស់ប៉េរូគឺលោក Manuel Merino បានសម្រេចលាលែងចេញពីតំណែងកាលពីថ្ងៃអាទិត្យម្សិលមិញ ចំពោះមុខការផ្ទុះបាតុកម្មនៅទូទាំងប្រទេស ក្រោយចូលកាន់តំណែងបានត្រឹមតែ៥ថ្ងៃប៉ុណ្ណោះ ជំនួសអតីតប្រធានាធិបតីលោក Martin Vizcarra ដែលត្រូវបានសភាប៉េរូបោះឆ្នោតទម្លាក់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។
លោក Merino បានប្រកាសពីការលាលែងរបស់លោក នៅក្នុងសុន្ទរកថាមួយតាមទូរទស្សន៍ ហើយលោកក៏បានអំពាវនាវឲ្យមានសន្តិភាព និងការរួបរួមគ្នាឡើងវិញផងដែរ។ ការប្រកាសរបស់លោក Merino ធ្វើឡើង បន្ទាប់ពីសភាប៉េរូបានបើកសម័យប្រជុំបន្ទាន់មួយ នៅថ្ងៃដដែល ដោយបាន ស្នើឲ្យលោកលាលែងចេញពីតំណែង ខណៈបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលបានផ្ទុះឡើង ដែលបានផ្តាច់ជីវិតមនុស្សយ៉ាងហោច ២នាក់។
លោក Merino បានគូសបញ្ជាក់ថា វាគឺជារឿងមិនសមហេតុផលឡើយ ដែលការតវ៉ាត្រឹមត្រូវតាមផ្លូវច្បាប់តែបង្កឲ្យមានមនុស្សស្លាប់នោះ។ លោកបានបន្តទៀតថា ករណីទាំងនេះត្រូវមានការស៊ើបអង្កេតយ៉ាងហ្មត់ចត់ពីសំណាក់អាជ្ញាធរពាក់ព័ន្ធ ដើម្បីកំណត់រកអ្នកទទួលខុសត្រូវ។
លោក Merino បានក្លាយជាប្រធានាធិបតីទី៣នៃប្រទេសប៉េរូ ក្នុងអាណត្តិកាន់អំណាចឆ្នាំ២០១៦-២០២១ បន្ទាប់ពីលោក Pedro Pablo Kuczynski និងលោក Martinn Vizcarra។ មុនសេចក្តីប្រកាសរបស់លោក Merino លោក Luis Valdez ប្រធានសភាប៉េរូបានឲ្យដឹងថា ក្រុមប្រឹក្សាភិបាលនិតីបញ្ញត្តិនឹងចាប់ផ្តើមដំណើរការជ្រើសរើសប្រធានាធិបតីថ្មី។
នៅជុំវិញបញ្ហានេះ សមាជិកនៃគណបក្សពណ៌ស្វាយដែលភាគច្រើន បានបោះឆ្នោតប្រឆាំងនឹងការទម្លាក់អតីតប្រធានាធិបតីគឺលោក Vizcarra ចេញពីតំណែង បានបង្ហាញស្នើឲ្យលោក Vizcarra ចូលកាន់តំណែងវិញ។ សំណើនោះបានលើកឡើងយ៉ាងដូច្នេះថា «លោក Vizcarra និងសមាជិកគណៈរដ្ឋមន្ត្រីរបស់លោក នឹងចូលមកកាន់មុខតំណែងជាបន្ទាន់ឡើងវិញ ដើម្បីបន្តកិច្ចខិតខំប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល COVID-19 និងវិបត្តិសេដ្ឋកិច្ច… យើងជាពលរដ្ឋប៉េរូមិនអាចរង់ចាំបានឡើយ»។
គួរបញ្ជាក់ថា នៅថ្ងៃដដែលលោក Vizcarra បាននិយាយថា «នេះគឺជាជំហានដ៏ធំមួយដើម្បីស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសរបស់យើងឡើងវិញ ដែលកំពុងជាប់គាំងនៅក្នុងវិបត្តិនយោបាយនាពេលថ្មីៗនេះ»៕