(ហុងកុង)៖ ប៉ូលិសហុងកុង បានឲ្យដឹងថា មនុស្សយ៉ាងហោច ៧នាក់បានស្លាប់ និងច្រើនជាង១០នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីអគ្គិភ័យបានឆាបឆេះអគារ មួយកន្លែងក្នុងទីក្រុងហុងកុង កាលពីយប់ថ្ងៃអាទិត្យ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិន CGTN នៅថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។
អគ្គិភ័យបានកើតឡើងនៅម៉ោងប្រហែល ៨៖០០នាទីយប់ (ម៉ោងក្នុងស្រុក) នៅឯអគារមួយកន្លែងតាមបណ្តោយផ្លូវ Canton ហើយត្រូវបានពន្លត់ឲ្យរលត់ទៅវិញ ០២ម៉ោងក្រោយមក។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អគ្គិភ័យខាងលើបានឆាបឆេះនៅក្នុងភោជនីយដ្ឋាននេប៉ាល់មួយ ខណៈដែលពិធីជប់លៀង ខួបកំណើតត្រូវបានធ្វើឡើង ហើយអ្នកស្លាប់ភាគច្រើនគឺជាជនជាតិនេប៉ាល់ រួមទាំងក្មេងតូចម្នាក់ផងដែរ៕
នៅក្នុងសេចក្តីថ្លែងការណ៍មួយនាយកប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុងលោកស្រី Carrie Lam បានគូសបញ្ជាក់ថា លោកស្រីមានភាពសោកសៅជាខ្លាំង ចំពោះសោកនាដកម្មមួយនេះ ហើយបានទាមទាឲ្យមានកិច្ចខិតខំប្រឹងប្រែងដើម្បីព្យាបាលអ្នករងរបួស ព្រមទាំងបើកការស៊ើបអង្កេតរកមូលហេតុនៅពីក្រោយអគ្គិភ័យ នេះផងដែរ៕