(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនផលិតឱសថដ៏ធំរបស់អាមេរិក ដែលមានឈ្មោះថា ម៉ូឌែណា (Moderna Inc) នៅថ្ងៃចន្ទនេះបានប្រកាសពី លទ្ធផលនៃការធ្វើតេស្តវ៉ាក់សាំងកូវីដ-១៩ របស់ខ្លួន នៅដំណាក់ទី៣ ដែលជាដំណាក់ចុងក្រោយ ថាមានប្រសិទ្ធភាពរហូតដល់ «៩៤.៥%»។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន ABC News នៅយប់ថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចេញផ្សាយនៅថ្ងៃចន្ទនេះ ក្រុមហ៊ុន Moderna បានប្រកាសថា ការតេស្តសាកល្បងវ៉ាក់សាំងកូវីដ-១៩ របស់ខ្លួន ក្នុងដំណាក់កាលទី៣ «បានបំពេញតាមលក្ខណៈវិនិច្ឆ័យស្ថិតិ ដែលមានប្រសិទ្ធភាពរហូតដល់«៩៤.៥%»។
គួរបញ្ជាក់ថា ដំណឹងល្អនេះ ត្រូវបានប្រកាសឡើងតែមួយសប្តាហ៍ប៉ុ ណ្ណោះ បន្ទាប់ពីក្រុមហ៊ុនអាមេរិកមួយទៀតដែលមានឈ្មោះថា ភីហ្វីហ្សឺ (Pfizer) សហការជាមួយក្រុមហ៊ុនអាល្លឺម៉ង់ បាយអូអិនធិច (BioNTech) បានប្រកាសអំពីជោគជ័យ និងប្រសិទ្ធភាពជាង ៩០% នៃការធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ខ្លួន កាលពីដើមសប្តាហ៍កន្លងទៅនេះ។
ក្នុងន័យនេះ បច្ចុប្បន្នសហរដ្ឋអាមេរិក មានបេក្ខជនវ៉ាក់សាំងកូវីដ-១៩ ចំនួន២ ដែលកំពុងរងចាំទិន្នន័យសុវត្ថិភាព និងបទបញ្ញត្តិបន្ថែមទៀត ដើម្បីអនុម័តឲ្យប្រើប្រាស់បន្ទាន់នៅក្នុងខែធ្នូ ឆ្នាំ២០២០នេះ ដែលមានរហូតដល់ ៦០លានដូស៕