(ហ្សឺណេវ)៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) នៅដើមសប្ដាហ៍នេះ បានសម្ដែងការសាទរចំពោះ «ការលើកទឹកចិត្ត» តាមរយៈលទ្ធផលបឋមនៃការធ្វើតេស្តវ៉ាក់សាំង COVID-19 ប៉ុន្តែលោកបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីការកើនឡើងនូវករណីឆ្លងនៅក្នុងប្រទេសជាច្រើន ជាពិសេសនៅសហរដ្ឋអាមេរិក និងទ្វីបអឺរ៉ុប ដោយលោកបានទទូចទៀតថា វាមិនមែនជាពេលវេលា ដែលយើងត្រូវពេញចិត្តនោះទេ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០។
ប្រធាន WHO លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) បានគូសបញ្ជាក់ប្រាប់សន្និសីទសារព័ត៌មានមួយថា «យើងនៅតែបន្តទទួលបានព័ត៌មានលើកទឹកចិត្ត អំពីលទ្ធផលបឋម នៃការតេស្តសាកល្បងវ៉ាក់សាំង COVID-19 ហើយយើងនៅតែមានសុទិដ្ឋិនិយម ដោយក្ដីប្រុងប្រយ័ត្នបំផុត អំពីសក្តានុពលនៃឧបករណ៍ថ្មីដ៏សំខាន់មួយនេះ ដើម្បីចាប់ផ្តើមបញ្ចេញឱ្យប្រើប្រាស់ ក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀត ប៉ុន្តែវាមិនមែនជាពេលវេលា ដែលយើងគួរតែពេញចិត្តនោះទេ»។
ការអត្ថាធិប្បាយរបស់លោក បានកើតឡើង ខណៈពិភពលោកមានក្ដីសង្ឃឹមយ៉ាងខ្លាំង ចំពោះការយកឈ្នះជំងឺឆ្លងរាតត្បាតសកល (COVID-19) ដែលបានឆ្លងរីករាលដាល នៅពាសពេញពិភពលោកនេះ បន្ទាប់បេក្ខភាពទីពីរនៃវ៉ាក់សាំង COVID-19 ត្រូវបានរកឃើញថា «មានប្រសិទ្ធភាពជិត ៩៥%» ហើយ។
ព័ត៌មានពីក្រុមហ៊ុនផលិតឱសថដ៏ធំរបស់សហរដ្ឋអាមេរិក ដែលមានឈ្មោះថា ម៉ូឌែណា (Moderna) នេះ បាននាំមកនូវគំនិតសុទិដ្ឋិនិយម ចាំបាច់ដល់ពិភពលោក ដែលកំពុងប្រឈមនឹងការកើនឡើងនៃការឆ្លង COVID-19 និងការរឹតត្បិតថ្មីៗ។ វាបានកើតឡើង បន្ទាប់ពីលទ្ធផលស្រដៀងគ្នានេះ ត្រូវបានប្រកាសកាលពីសប្តាហ៍មុន ចំពោះបេក្ខភាពវ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុន ភីហ្វីហ្សឺ (Pfizer) និងបាយអូអិនធិច (BioNTech)។
ទោះជាបែបនេះក្តី ប្រធាន WHO បានព្រមានថា ការចាក់វ៉ាក់សាំង COVID-19 នេះនៅសល់រយៈពេលយូរទៀត បើទោះបីជាករណីឆ្លង និងស្លាប់បាននិងកំពុងកើនឡើងវិញ នៅតាមបណ្ដាប្រទេសជាច្រើនក៏ដោយ។ លោក Tedros បានគូសបញ្ជាក់បន្ថែមថា «នេះគឺជាវីរុសគ្រោះថ្នាក់បំផុត ដែលអាចវាយប្រហារគ្រប់ប្រព័ន្ធទាំងអស់ នៅក្នុងខ្លួនរបស់យើង។ បណ្ដាប្រទេសមួយចំនួន ដែលបណ្តោយឱ្យវីរុសនោះរាតត្បាត ដោយមិនបានយកចិត្តទុកដាក់លើការទប់ស្កាត់នោះ ពួកគេកំពុងតែលេងជាមួយភ្លើងហើយ»។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ចំនួនអ្នកឆ្លង COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ជាង ៥៥លាននាក់ហើយ ក្នុងនោះមានអ្នកស្លាប់ជាង ១.៣លាននាក់ និងជាសះស្បើយជាង ៣៨លាននាក់ ដោយអ្នកជំនាញបានព្រមានថា វានៅសល់រយៈពេលយូរទៀត ដែលពិភពលោកត្រូវប្រឈមនឹងផលពិបាក និងគ្រោះថ្នាក់នេះ៕