(វ៉ាស៊ីនតោន)៖ មន្ត្រីអាមេរិកមួយរូបនៅថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) បានបង្ហើបឲ្យដឹងថា លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលជិតផុតអាណត្តិទៅហើយនោះ កាលពីសប្តាហ៍មុនបានបំផុសឲ្យមាន ការវាយប្រហារទីតាំងនុយក្លេអ៊ែរសំខាន់ៗរបស់អ៉ីរ៉ង់ ប៉ុន្តែមន្ត្រីរបស់លោកមិនគាំទ្រ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០។
ប្រភពដដែលដោយសុំមិនបញ្ចេញអត្តសញ្ញាណាបានបញ្ជាក់ថា លោក ត្រាំ បានស្នើសុំជម្រើសខាងលើ អំឡុងកិច្ចប្រជុំមួយនៅក្នុងសេតវិមាន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ជាមួយនឹងជំនួយការសន្តិសុខកំពូលៗ រួមមានអនុប្រធានាធិបតីលោក ម៉ៃក៍ ភែន (Mike Pence, រដ្ឋមន្ត្រីក្រសួងការបរទេស ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo), រដ្ឋមន្ត្រីស្តីទីនៃក្រសួងការពារជាតិលោក គ្រីស្តូហ្វឺ មាលឡឺ (Christopher Miller) និងលោកឧត្តមសេនីយ៍ ម៉ាក មីល្លេយ (Mark Milley) អគ្គសេនាធិការចម្រុះ នៃកងទ័ពអាមេរិកជាដើម។
មន្ត្រីរូបនោះក៏បានបញ្ជាក់ពីកំណត់ហេតុ នៃកិច្ចប្រជុំខាងលើនៅក្នុងកាសែត New York Times ដែលបានរាយការណ៍ថា ទីប្រឹក្សាលោក ត្រាំ បានបញ្ចុះបញ្ចូលមិនឲ្យបើកការវាយប្រហារលើអ៉ីរ៉ង់ ដោយសារតែហានិភ័យនៃជម្លោះ អាចរាលដាលកាន់តែធំ។ លោក ត្រាំ បានស្នើសុំជម្រើសនៃការវាយប្រហារ ហើយក្រុមមន្ត្រីបានបង្ហាញសេណារីយ៉ូនានា ប៉ុន្តែនៅទីបំផុតលោក ត្រាំ ក៏បានលុបចោលការសម្រេចចិត្តវិញ។ សេតវិមានទីក្រុងវ៉ាស៊ីនតោនបានបដិសេធ មិនធ្វើសេចក្តីអត្ថាធិប្បាយ អ្វីឡើយលើបញ្ហានេះ៕