(បាងកក)៖ សមាជិកសភាថៃ នៅថ្ងៃអង្គារនេះ បានបើកការជជែកដេញដោល លើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលជាសំណើស្នូលមួយដ៏សំខាន់ របស់ ក្រុមបាតុករ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០។
សេចក្ដីព្រាងនៃវិសោធនកម្មរដ្ឋធម្មនុញ្ញចំនួន៧ នឹងត្រូវឆ្លងកាត់ការបោះឆ្នោត កំឡុងសម័យប្រជុំរួមគ្នាមួយ មានរយៈពេល២ថ្ងៃ ដោយចាប់ផ្ដើមនៅថ្ងៃអង្គារនេះ នៅឯសភា និងព្រឹទ្ធសភានៃប្រទេសថៃ។ ក៏ប៉ុន្តែ មានក្ដីរំពឹងតិចតួចណាស់ថាសភាទាំង២របស់ថៃ នឹងបោះឆ្នោតអនុម័តលើការធ្វើកំណែទម្រង់ជាក់លាក់ណាមួយ ក្នុងនោះរួមមានទាំងការតាក់តែងរដ្ឋធម្មនុញថ្មី ខណៈការធ្វើកំណែទម្រង់របបរាជានិយមថៃសព្វថ្ងៃ ក៏ប្រហែលជានឹងមិនអាចទៅរួច តាមការស្នើសុំរបស់ ក្រុមបាតុករនោះដែរ។
អ្នកឃ្លាំមើលស្ថានការណ៍នយោបាយថៃ យល់ថាសភាថៃអាចនឹងបង្កើតគណៈកម្មាធិការមួយ ទទួលបន្ទុកតាក់តែងរដ្ឋធម្មនុញ្ញថ្មី ហើយដែលនេះអាចនឹងត្រូវ រដ្ឋាភិបាលថៃ ប្រើប្រាស់ដើម្បីបង្វែរស្ថានការណ៍ និងកេងចំណេញពេលវេលាតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ មិនមែនជារឿងថ្មីឡើយសម្រាប់ថៃ ដោយគិតចាប់តាំងពីឆ្នាំ១៩៣២មក ថៃមានរដ្ឋធម្មនុញ្ញរហូតដល់២០ ដែលបាន ឆ្លងកាត់ការធ្វើវិសោធនកម្ម៕