(ម៉ុមបៃ)៖ ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានរាយការណ៍ឱ្យដឹងថា ករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស បានកើនឡើងដល់ជាង ៨.៨៧លានករណីហើយ ខណៈអត្រាឆ្លងប្រចាំថ្ងៃវិញ ត្រូវបានគេមើលឃើញថា ធ្លាក់មកនៅកម្រិតទាបមួយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។
ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ក្រសួងសុខាភិបាលឥណ្ឌា បានរាយការណ៍ពីការរកឃើញនូវករណីឆ្លង COVID-19 ថ្មីៗចំនួន ២៩,១៦៣ករណីបន្ថែមទៀត ខណៈអ្នកស្លាប់ថ្មីៗចំនួន ៤៤៩នាក់ក៏ត្រូវបានរាយការណ៍ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះដូចគ្នា។ ប្រការនេះបាននាំឱ្យចំនួនអ្នកស្លាប់សរុប នៅទូទាំងប្រទេសកើនឡើងដល់ ១៣០,៥១៩នាក់ ខណៈអ្នកជំងឺសរុបជាង ៨.២៩លាននាក់ហើយបានជាសះស្បើយ។
គួរបញ្ជាក់ថា បើតាមក្រសួងសុខាភិបាលឥណ្ឌា ករណីឆ្លង COVID-19 ថ្មីៗខាងលើ គឺជាករណីឆ្លងប្រចាំថ្ងៃទាបបំផុតនៅក្នុងប្រទេសឥណ្ឌា គិតចាប់តាំងពីពាក់កណ្តាលខែកក្កដាកន្លងទៅនេះ តែទោះជាយ៉ាងណា ឥណ្ឌានៅតែជាប្រទេសដែលមានករណីឆ្លង COVID-19 ច្រើនជាងគេលំដាប់ទី ២ នៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក៕