(ហុងឌូរ៉ាស)៖ អតីតប្រធានាធិបតីហុងឌូរ៉ាស (Honduras) លោក ម៉ានូអ៊ែល ហ្សេឡាយ៉ា (Manuel Zelaya) បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា លោកត្រូវបានគេឃាត់ខ្លួនដោយអយុត្តិធម៌នៅអាកាសយានដ្ឋាននៅក្នុងទីក្រុងតេហ្គូស៉ីហ្គាលផា (Tegucigalpa) ដោយសារតែប្រាក់ចំនួន១៨,០០០ដុល្លារអាមេរិក ដែលត្រូវបានគេរកឃើញនៅក្នុងកាបូបរបស់លោក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិន ស៉ីនហួរ នៅថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០។
លោក Zelaya បានគូសបញ្ជាក់នៅលើបណ្តាញទំនាក់ទំនងសង្គម Twitter ដូច្នេះថា «ខ្ញុំត្រូវបានឃាត់ខ្លួនដោយអយុត្តិធម៌នៅអាកាសយានដ្ឋានថុនខុនធីន (Toncontin Airport) ដែលស្ថិតនៅក្នុងទីក្រុង Tegucigalpa នៃប្រទេស ហុងឌូរ៉ាស ខណៈខ្ញុំរៀបនឹងធ្វើដំណើរចេញទៅកាន់ប្រទេសម៉ិកស៊ីកូ ដើម្បីចូលរួមសិក្ខាសាលាមួយ។ មូលហេតុគឺកាបូបមួយ ជាមួយលុយ ១៨,០០០ដុល្លារនៅក្នុងនោះ ដែលមិនមែនជារបស់ខ្ញុំឡើយ»។
គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកហុងឌូរ៉ាស បានរាយការណ៍ថា អតីតប្រធានាធិបតីហុងឌូរ៉ាស ដែលបានកាន់អំណាចចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០០៩ រូបនេះ ត្រូវបានឃាត់ខ្លួន ហើយដោះលែងនៅ ៤ម៉ោងក្រោយ។ ដើម្បីគ្រប់គ្រងការជួញដូរ និងការលាងលុយកខ្វក់ ច្បាប់ប្រទេសហុងឌូរ៉ាស អនុញ្ញាតឲ្យយកលុយចេញពីប្រទេសច្រើនបំផុតត្រឹមតែ ១០,០០០ដុល្លារអាមេរិកប៉ុណ្ណោះ៕