(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូងទើបតែបានកត់ត្រា ចំនួនអ្នកឆ្លងជំងឺ COVID-19 ជាង ៥០០នាក់បន្ថែមទៀត ដោយអត្រាឆ្លងបែបនេះ បានកើតមានរយៈពេល ០៣ថ្ងៃជាប់ៗគ្នាមកហើយ ដែលជាហេតុបង្កឲ្យប្រទេសនេះ ព្រួយបារម្ភកាន់តែខ្លាំង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០។
នៅថ្ងៃសៅរ៍នេះអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ថ្មីៗ ៥០៤នាក់ទៀត នៅក្នុងរយៈពេលពេញមួយថ្ងៃសុក្រម្សិលមិញ (២៤ម៉ោង)។ ទោះបីចំនួនជាក់ស្តែងនេះ ហាក់ទាបជាងមួយថ្ងៃមុននេះបន្តិចមែន ប៉ុន្តែអត្រាឆ្លងរហូតដល់ជាង ៥០០ករណីជាប់គ្នា ០៣ថ្ងៃបែបនេះ គឺពិតជាខ្ពស់ណាស់សម្រាប់កូរ៉េខាងត្បូង។
ចំពោះមុខការព្រួយបារម្ភ កាន់តែកើនឡើងនេះ កូរ៉េខាងត្បូងមានតែប្រឹងប្រែងបន្តអនុវត្ត វិធានការរក្សាគម្លាតក្នុងសង្គម ដែលត្រូវបានដាក់ចេញកាលពីសប្តាហ៍មុន ឲ្យបានកាន់តែតឹងរ៉ឹងប៉ុណ្ណោះ ហើយនឹងព្យាយាមទប់ករណីឆ្លងជាចង្កោមៗ នៅតាមទីកន្លែងជួបជុំមួយចំនួន នៅក្នុងរដូវរងារនេះ។ គិតត្រឹមថ្ងៃសៅរ៍នេះ កូរ៉េខាងត្បូងមានករណីឆ្លង COVID-19 សរុប ៣៣,៣៧៥ករណី ក្នុងនោះស្លាប់ ៥២២នាក់ និងជាសះស្បើយវិញ ២៧,៣៤៩នាក់៕