(តេហេរ៉ង់)៖ ប្រធានាធិបតីអ៉ីរ៉ង់លោក ហាសាន់ រួហានី (Hassan Rouhani) បានប្រកាសនៅថ្ងៃសៅរ៍នេះថា ប្រទេសអ៉ីស្លាមមួយនេះនឹងសងសឹក ចំពោះអ្នកដែលមានជាប់ពាក់ព័ន្ធ ឬនៅពីក្រោយខ្នងការធ្វើឃាត អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់អ៉ីរ៉ង់មួយរូប កាលពីថ្ងៃសុក្រ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០។
លោក Hassan Rouhani ក៏បានអះអាងផងដែរថា លោក ម៉ូហ៍សិន ហ្វាគ្រីហ្សាដេហ៍ (Mohsen Fakhrizadeh) ជាអ្នកវិទ្យាសាស្ត្រជាន់ខ្ពស់អ៉ីរ៉ង់ ធ្លាប់បម្រើការឲ្យកម្មវិធីនុយក្លេអ៊ែរ ដែលត្រូវបានអ៉ីរ៉ង់រំសាយចោលរួចទៅហើយ។ ប្រធានាធិបតីអ៉ីរ៉ង់រូបនេះ ក៏បានបង្ហាញការយល់ឃើញ ដូចមន្ត្រីលោកឯទៀតៗដែរថា អ៉ីស្រាអែលគឺជាអ្នកស្ថិតនៅពីក្រោយ ការធ្វើឃាតនេះ។
អ្នកជំនាញកំពូលផ្នែកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៉ីរ៉ង់ ត្រូវបានគេធ្វើឃាត តាមរយៈការវាយប្រហាររថយន្តរបស់លោក នៅក្បែរទីក្រុងអាប់សាដ (Absard) ភាគខាងជើងប្រទេស។ ក្រសួងការពារជាតិអ៉ីរ៉ង់ បានចេញសេចក្តីថ្លែងការណ៍មួយថា Mohsen Fakhrizadeh បានទទួលរងរបួសជាទម្ងន់ នៅពេលដែលក្រុមអ្នកវាយប្រហារ ធ្វើការស្ទាក់រថយន្ត និងប្រយុទ្ធគ្នាជាមួយក្រុមសន្តិសុខការពាររូបលោក។
សេចក្តីថ្លែងការណ៍ខាងលើនេះបានបន្តទៀតថា លោក Fakhrizadeh ក្រោយមកបានបាត់បង់ជីវិត ដោយសារតែស្ថានភាពរបួសធ្ងន់ធ្ងរពេក។ លោក Mohsen Fakhrizadeh ធ្លាប់ត្រូវបាននាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក ប៊ិនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ឲ្យរហស្សនាមថា «បិតានៃកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់»។
គួរបញ្ជាក់ថា បញ្ហាអ៉ីរ៉ង់បានកក្រើកឡើងវិញខ្លាំង នៅពេលមានព័ត៌មានបែកធ្លាយថា លោក ដូណាល់ ត្រាំ ចង់ប្រើពេលចុងក្រោយនៃអាណត្តិរបស់លោក ដើម្បីបើកការវាយប្រហារអ៉ីរ៉ង់ ហើយអ៉ីស្រាអែលដែលជាសម្ព័ន្ធមិត្ត កាត់ទឹកមិនដាច់នោះ ក៏បាននិងកំពុងត្រៀមខ្លួនសម្រាប់សង្គ្រាមផងដែរ៕