(ប្រេស៊ីល)៖ ប្រធានាធិបតីប្រេស៊ីល លោក ហ្សែរ បូលសូណារ៉ូ (Jair Bolonaro) បាននិយាយថា លោកមានប្រភពព័ត៌មានផ្ទាល់ខ្លួនមួយចំនួន ដែលប្រាប់លោកថា មានការលួចបន្លំសន្លឹកឆ្នោតជាច្រើន នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី០៣ ខែវិច្ឆិកាកន្លងទៅ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។
លោក Jair Bolonaro ដែលជាមេដឹកនាំម្នាក់មានទំនាក់ទំនងជិតស្និទ្ធ ជាមួយលោក ត្រាំ
បានថ្លែងប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់) ថា លោកនៅតែស្ទាក់ស្ទើរនៅឡើយ ក្នុងការទទួលស្គាល់ជ័យជម្នះរបស់លោក ចូ បៃដិន ខណៈមកទល់នឹងពេលនេះ មេដឹកនាំប្រទេសជាច្រើន ក្នុងនោះរួមមានសហភាពអឺរ៉ុប ចិន ក៏ដូចជាប្រមុខអង្គការសហប្រជាជាតិ (UN) បានផ្ញើសារអបអរសាទរជ័យជម្នះរបស់លោក បៃដិន រួចទៅហើយ។
លោក Bolonaro បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំមានប្រភពព័ត៌មានផ្ទាល់ខ្លួនរបស់ខ្ញុំ ដែលបញ្ជាក់ថា មានការលួចបន្លំសន្លឹកឆ្នោតជាច្រើន ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក។ តែគ្មាននរណាម្នាក់និយាយពីរឿងនេះទេ»។ មិនតែប៉ុណ្ណោះ ប្រធានាធិបតីប្រេស៊ីលរូបនេះ ដែលកំពុងទទួលរិះគន់យ៉ាងខ្លាំងជុំវិញការ ដោះស្រាយវិបត្តិ COVID-19 ក៏ឆ្លៀតបង្ហាញពីក្ដីព្រួយបារម្ភ ចំពោះប្រព័ន្ធបោះឆ្នោតបច្ចុប្បន្ន របស់ប្រទេសប្រេស៊ីលផងដែរ ដោយលោកយល់ថា ងាយកើតមានការលួចបន្លំសន្លឹកឆ្នោត។
ដោយសារការយល់ឃើញ ដូចខាងលើនេះហើយទើបលោកប្រធានាធិបតី បូលសូណារ៉ូ ជំរុញឱ្យប្រេស៊ីលត្រឡប់ទៅអនុវត្តប្រព័ន្ធបោះឆ្នោត តាមក្រដាសសន្លឹកឆ្នោតវិញ នៅក្នុងការបោះឆ្នោតប្រធានាធិបតីប្រេស៊ីល ដែលគ្រោងនឹងប្រព្រឹត្តទៅនៅឆ្នាំ២០២២។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិកជិតផុតអាណត្តិ លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យបានបញ្ជាក់ជាថ្មីឡើងវិញថា លោកនឹងមិនសារភាពព្រមចុះចាញ់លោក ចូ បៃដិន ឡើយហើយក៏នឹងមិនផ្លាស់ប្ដូរគោលជំហរដែលថា ការបោះឆ្នោតត្រូវបានលួចបន្លំនោះដែរ បើទោះជាក្រុមមន្ត្រីបោះឆ្នោតអាមេរិកអះអាងថា គ្មានការលួច បន្លំសន្លឹកឆ្នោតក៏ដោយ។ អង្គបោះឆ្នោតទាំង ៥៣៨រូប នឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកទី ៤៦ ជាផ្លូវការនៅថ្ងៃទី១៤ ខែធ្នូខាងមុនេះ ដែលនឹងបញ្ជាក់អំពីអ្នកឈ្នះ និងចាញ់ពិតប្រាកដរវាងលោក ត្រាំ និងលោក បៃដិន៕