(វៀងច័ន្ទ)៖ គណៈកម្មាធិការជាតិគ្រប់គ្រង់ និងត្រួតពិនិត្យ COVID-19 នៅថ្ងៃអង្គារនេះបានប្រកាសថា ខ្លួនកំពុងតាមដានមនុស្សសរុបចំនួន ២,៤៣០នាក់នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការឆ្លង ជំងឺរាតត្បាតសកលនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០។
លោក ស៊ីសាវ៉ាត់ សួតថានីរ៉ាសៃ (Sisavath Soutthaniraxay) អគ្គនាយករងនៃនាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង របស់ក្រសួងសុខាភិបាលឡាវ បានថ្លែងនៅក្នុងសន្និសីទកាសែតមួយ នាទីក្រុងវៀងច័ន្ទនៅថ្ងៃអង្គារនេះថា មនុស្សសរុបចំនួន ២,៤៣០នាក់ ត្រូវបានដាក់ឲ្យស្នាក់នៅ តាមមណ្ឌលធ្វើចត្តាឡីស័កទាំង ៣៨កន្លែងនៅទូទាំងប្រទេស។
កាលពីថ្ងៃចន្ទម្សិលមិញ មនុស្សសរុបចំនួន ២,៥០៤នាក់បានធ្វើដំណើរចូលប្រទេសវិញ តាមច្រកព្រំដែនអន្តរជាតិជាមួយប្រទេសថៃ។ ក្នុងចំណោមនោះ ១៧៥នាក់ជាពលករឡាវ និងផ្សេងទៀតជាអ្នកបើកឡានដឹកទំនិញ។ បន្ថែមពីលើនេះ មនុស្ស ២០នាក់មកពីប្រទេសចិន, ១,០៨៨នាក់មកពីវៀតណាម, ១២នាក់មកពីកម្ពុជា, និង ១៣នាក់មកពីមីយ៉ាន់ម៉ា ខណៈមនុស្សចំនួន ២៤៧នាក់ទៀត បានធ្វើដំណើរចូលប្រទេស តាមអាកាសយានដ្ឋានអន្តរជាតិ វ៉ាត់ថាយ (Wattay) នៅរដ្ឋធានីវៀងច័ន្ទ។
នៅគ្រប់ច្រកព្រំដែនទាំងអស់ ការស្ទង់សីតុណ្ហភាពរបស់មនុស្សម្នាក់ៗ ចូលប្រទេសឡាវត្រូវបានត្រួតពិនិត្យយ៉ាងដិតដល់បំផុត។ ក្រសួងសុខាភិបាលឡាវ ក៏បានព្រមានប្រជាជននិងអាជ្ញាធរពាក់ព័ន្ធទាំងអស់ មិនត្រូវធ្វេសប្រហែសចំពោះវិធានការទប់ស្កាត់និងបង្ការនោះឡើយ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃអង្គារនេះ ប្រទេសឡាវបានធ្វើតេស្តករណីសង្ស័យជំងឺ COVID-19 សរុបចំនួន ៧៩,៥៥៧នាក់ក្នុងនោះ ៣៩នាក់ត្រូវបានរកឃើញថា មានផ្ទុកជំងឺ COVID-19 ហើយអ្នកជំងឺ ២៦នាក់បានជាសះស្បើយ។ ចំណែកឯករណីឆ្លង ១៣ផ្សេងទៀតបាននឹងកំពុងព្យាបាល នៅមន្ទីរពេទ្យមិត្តភាពទីក្រុងវៀងច័ន្ទ។ ប្រទេសឡាវបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 ដំបូងបង្អស់កាលពីថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២០៕