(តេហេរ៉ង់)៖ ក្រសួងសុខាភិបាលអ៉ីរ៉ង់ នៅថ្ងៃសៅរ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២០នេះ បានឱ្យដឹងថាអ្នកស្លាប់ដោយសារ COVID-19 នៅទូទាំងប្រទេសបានកើនលើស ៥ម៉ឺននាក់ ហើយ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។

បើតាមក្រសួងសុខាភិបាលអ៉ីរ៉ង់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ អ្នកជំងឺ ៣២១នាក់បានស្លាប់ នាំាឱ្យអ្នកស្លាប់សរុបកើនដល់ ៥០,០១៦នាក់។ មិនតែប៉ុណ្ណោះ ក្នុងរយៈពេលដូចគ្នានេះ អ្នកឆ្លងថ្មី១២,១៨១នាក់ ក៏ត្រូវបានរាយការណ៍ផងដែរ ធ្វើឱ្យអ្នកឆ្លងទូទាំងប្រទេសកើនដល់ ១,០២៨,៩៨៦នាក់ ខណៈ៧១៩,៧០៨នាក់ បានជាសះស្បើយឡើងវិញ។

គួរបញ្ជាក់ថា ប្រឈមមុខនឹង COVID-19 ប្រធានាធិបតីអ៉ីរ៉ង់លោក ហាសាន់ រួហានី បានព្រមានថាវិធានការ Lockdown អាចនឹងត្រូវអូសបន្លាយការអនុវត្ត ក្នុងទីក្រុងមួយ ចំនួនបន្ថែមទៀត ឬក៏អាចឈានដល់ការបិទរដ្ឋធានីតេហេរ៉ង់ជាថ្មី បើសិនជាប្រជាជនមិនគោរពតាមវិធានការដាក់ចេញដោយក្រសួងសុខាភិបាល៕