(ប៉ារីស)៖ ប៉ូលិសនៅប្រទេសបារាំងបានធ្វើការចាប់ខ្លួនមនុស្សសរុប២២នាក់ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ក្រោយអំពើហិង្សាបានផ្ទុះឡើង អំឡុងការធ្វើបាតុកម្មនៅទីក្រុងប៉ារីសប្រឆាំងនឹងច្បាប់ចម្រូងចម្រាសមួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអាទិត្យ ទី០៦ ខែធ្នូ ឆ្នាំ២០២០។
អំឡុងបាតុកម្មខាងលើ រថយន្តនិងរនាំងមួយចំនួនត្រូវបានដុតឲ្យឆេះក្នុងសង្កាត់ហ្គាមបេត្តា (Gambetta) នៅតំបន់ភាគខាងលិចទីក្រុងប៉ារីស ខណៈកញ្ចក់នៅតាមដងផ្លូវ រួមមានទាំងកញ្ចក់របស់ផ្សារទំនើបមួយកន្លែង និងធនាគារមួយកន្លែង ក៏បានរងការខូចខាតផងដែរ។ ក្រៅពីនេះ គេឃើញក្រុមបុគ្គលជាច្រើននាក់ដែលពាក់ម៉ាសបិទមុខ បាននាំគ្នាគ្រវែងវត្ថុផ្សេងៗទៅលើកម្លាំងប៉ូលិស ចំណែកប៉ូលិសបានតបតទៅវិញ តាមរយៈការបាញ់ ឧស្ម័នបង្ហួរទឹកភ្នែក។
បើតាមក្រសួងមហាផ្ទៃបារាំង ជនឆ្លៀតឱកាសប្រហែល៤០០-៥០០នាក់ បានចូលរួមក្នុងបាតុកម្ម ហើយប៉ូលិសទីក្រុងប៉ារីសបានចាប់ខ្លួន មនុស្ស២២នាក់។
គួរបញ្ជាក់ថា កន្លងទៅកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ក៏មានអំពើហិង្សាផ្ទុះឡើងផងដែរ នៅពេលប្រជាជនបារាំងបានប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងនឹង អំពើហិង្សារបស់ប៉ូលិស ហើយទទូចឲ្យរដ្ឋាភិបាលបារាំងដកចេញវិញនូវមាត្រាចម្រូងចម្រាសមួយពីច្បាប់ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ។ មាត្រាមួយនោះបានកំណត់ថា ការផ្សព្វផ្សាយរូបភាពមន្រ្តីប៉ូលិសបារាំងក្នុងគោលបំណងអាក្រក់ណាមួយ អាចប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល១ឆ្នាំ រួមនិងការពិន័យជាប្រាក់៤៥,០០០អឺរ៉ូ ស្មើនឹងជិត៥៥,០០០ដុល្លារ។
តាមរយៈមាត្រាខាងលើ រដ្ឋាភិបាលបារាំងចង់ការពារប៉ូលិសពីការគំរាមកំហែងនិងអំពើហិង្សា ប៉ុន្តែវាបានបង្កឲ្យសាធារណជនបារាំងមាន ការព្រួយបារម្ភថា វានឹងដាក់កំហិតលើសិទ្ធិសេរីភាពនៃការបញ្ចេញមតិ ហើយរារាំងការរាយការណ៍អំពីទង្វើខុសឆ្គងរបស់ប៉ូលិស៕