(តូក្យូ)៖ វាជាលើកទី២ហើយសម្រាប់មនុស្សជាតិ ដែលអាចយកគំរូតាងពីអាចម៍ផ្កាយ មកកាន់ភពផែនដីដើម្បីធ្វើការពិសោធន៍។ នៅព្រឹកថ្ងៃអាទិត្យ ទី០៦ ខែធ្នូ ឆ្នាំ២០២០នេះ ជប៉ុនបានអះអាងថា យានស្រាវជ្រាវ Hayabusa-2 របស់ខ្លួន បានទម្លាក់គំរូតាងអាចម៍ផ្កាយ Ryugu ទៅលើទឹកដីអូស្ត្រាលីខាងត្បូង ប្រកបដោយជោគជ័យហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី០៦ ខែធ្នូ ឆ្នាំ២០២០។
ឧបករណ៍ផ្ទុកតូចមួយ ត្រូវបានទម្លាក់ទៅលើតំបន់ដាច់ស្រយាល មានចម្ងាយ ៥០០គីឡូម៉ែត្រពីភាគពាយ័ព្យនៃទីក្រុង Adelaide នៃរដ្ឋអូស្ត្រាលីខាងត្បូង (South Australian)។ វាគឺជាគំរូតាង នៃអាចម៍ផ្កាយទី ២ មកកាន់ផែនដី បន្ទាប់ពីបេសកកម្ម Hayabusa កាលពីឆ្នាំ២០១០ បាននាំយកគំរូតាងពីអាចម៍ផ្កាយ Itokawa។
កាលពីជំនាន់ជប៉ុនយកគំរូតាង បានមកពីអាចម៍ផ្កាយ Itokawa គឺមានទម្ងន់តែ ១មីលីក្រាមប៉ុណ្ណោះ ប៉ុន្តែសម្រាប់ Hayabusa2 វិញគឺអាចជីកយកគំរូតាងពី Ryugu រហូតដល់ទៅ ១០០មីលីក្រាមឯណោះ។ លក្ខណៈពិសេសបន្ថែមទៀតនោះ គឺ Ryugu ជាអាចម៍ផ្កាយសំបូរដោយទឹក សរីរាង្គកាបូន ដែលសុទ្ធសឹងតែជាសារធាតុទ្រទ្រង់ជីវិត។
យានជប៉ុន Hayabusa-2 ត្រូវការចល័តរាប់រយលានគីឡូម៉ែត្រ ទើបអាចនាំយកគំរូតាងអាចម៍ផ្កាយខាងលើនេះ មកកាន់ភពផែនដីវិញ។ Ryugu មានបណ្តោយប្រវែង ៩០០ម៉ែត្រ និងបានចល័តមកកៀកផែនដី កាលពីចន្លោះខែមិថុនា ឆ្នាំ២០១៨ ដល់ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលបានធ្វើឲ្យក្រុមអ្នកវិទ្យាសាស្ត្រលើផែនដី អាចសិក្សាអំពីវាបន្ថែមទៀត។
យាន Hayabusa-2 ត្រូវបានបញ្ជូនឆ្ពោះទៅអាចម៍ផ្កាយ Ryugu ដែលស្ថិតនៅចម្ងាយប្រមាណ ៣០០លានគីឡូម៉ែត្រពីផែនដី កាលពីចុងឆ្នាំ២០១៤ ហើយបានប្រមូលយកគំរូតាងពីផ្ទៃ Ryugu កាលពីឆ្នាំ២០១៩។ យានដែលសម្រាប់ស្តុកទុកគំរូតាង ត្រូវបានទម្លាក់ពី Hayabusa-2 ហើយចុះមកដល់តំបន់វាលខ្សាច់ នៅភាគខាងត្បូងប្រទេសអូស្រ្តាលី នាវេលាយប់រំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ទី០៦ ខែធ្នូ នៅខ្ទង់ម៉ោង ០២៖០០-០៣៖០០នាទី (ម៉ោងស្តង់ដានៅជប៉ុន)។ ក្រុមការងារជប៉ុននៅអូស្រ្តាលី បានរកឃើញនិងដឹកគំរូតាងនោះទៅទុក នៅទីស្នាក់ការក្នុងប្រទេសអូស្រ្តាលីហើយ។ បន្ទាប់មកទៀត វានឹងត្រូវដឹកជញ្ជូនបន្តទៅកាន់ប្រទេសជប៉ុនតែម្តង។
គួរបញ្ជាក់ថា គំរូតាងពាក់កណ្តាលនឹងត្រូវចែករំលែក រវាងទីភ្នាក់ងារអវកាសជប៉ុន JAXA, ទីភ្នាក់ងារអវកាសអាមេរិក NASA និងអង្គការអន្តរជាតិដទៃទៀត ហើយនៅសល់ប៉ុន្មាន គឺសម្រាប់ការសិក្សាស្រាវជ្រាវពេលក្រោយ ដោយប្រើប្រាស់បច្ចេកវិទ្យាវិភាគថ្មីៗនាថ្ងៃអនាគត។ យ៉ាងណាក៏ដោយ បេសកកម្មរបស់ Hayabusa-2 មិនទាន់ចប់នោះទេ គឺក្រោយទម្លាក់គំរូតាងរបស់ Ryugu ហើយ វានឹងបន្តឆ្ពោះទៅកាន់គោលដៅ ជាអាចម៍ផ្កាយចំនួនពីរផ្សេងទៀត៕