(សេអ៊ូល)៖ កូរ៉េខាងត្បូងនាថ្ងៃអាទិត្យនេះ បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន៦៣១នាក់ ក្នុងរយៈពេល២៤ម៉ោង ដែលធ្វើឲ្យចំនួនករណីឆ្លងសរុបកើនដល់៣៧,៥៤៦នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអាទិត្យ ទី០៦ ខែធ្នូ ឆ្នាំ២០២០។

ករណីឆ្លងប្រចាំថ្ងៃខាងលើជាអត្រាខ្ពស់បំផុត គិតក្នុងអំឡុងពេលជាង៩ខែមកនេះ ចាប់តាំងពីថ្ងៃទី២ ខែមីនា នៅពេលដែលករណីឆ្លងថ្មីៗ ៦៨៦ករណីត្រូវបានរាយការណ៍។ ចំណែកតួលេខករណីឆ្លងប្រចាំថ្ងៃដែលខ្ពស់ជាងគេបង្អស់វិញនោះ គឺត្រូវបានរាយការណ៍កាលពីថ្ងៃទី២៩ ខែកុម្ភៈ ដែលមានចំនួន៩០៩ករណី។

បើគិតចាប់តាំងពីថ្ងៃទី០៨ ខែវិច្ឆិកា រហូតមកទល់ពេលនេះ តួលេខករណីឆ្លងប្រចាំថ្ងៃនៅកូរ៉េខាងត្បូង គឺរក្សានៅលើសពី១០០ករណី រយៈពេល២៩ថ្ងៃជាប់ៗគ្នាមកហើយ។ ក្នុងចំណោមករណីឆ្លងទាំងនោះ ភាគច្រើនរកឃើញនៅទីក្រុងសេអ៊ូល និងខេត្តគ្យុងជី (Gyeonggi) ដែលនៅជាប់គ្នា រួមជាមួយករណីនាំចូលមកពីក្រៅប្រទេស។

គួរបញ្ជាក់ថា ក្រៅពីករណីឆ្លងថ្មីៗ ក៏មានករណីអ្នកជំងឺស្លាប់ថ្មី៥នាក់ផងដែរ ធ្វើឲ្យចំនួនអ្នកឆ្លង COVID-19 ហើយស្លាប់នៅកូរ៉េខាងត្បូង កើនដល់៥៤៥នាក់។ ជាមួយគ្នានេះ អ្នកជំងឺ២១១នាក់ថ្មី ទើបតែបានចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ នាំឲ្យចំនួនអ្នកជាសរុបកើន២៩,១២៨នាក់៕