(ម៉ានីល)៖ ក្រសួងសុខាភិបាលនៃប្រទេសហ្វីលីពីននាថ្ងៃអាទិត្យនេះ បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន១,៧៦៨នាក់ថែមទៀត នាំឱ្យករណីឆ្លងសរុបកើនដល់៤៣៩,៨៣៤នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអាទិត្យ ទី០៦ ខែធ្នូ ឆ្នាំ២០២០។
ក្រសួងសុខាភិបាលហ្វីលីពីនបានបន្ថែមថា អ្នកជំងឺ៩,០៦២នាក់ទៀតក៏បានជាសះស្បើយផងដែរ ធ្វើឱ្យចំនួនសរុបនៃអ្នកជាសះស្បើយពី COVID-19 នៅក្នុងប្រទេសអាស៊ានមួយនេះ កើនដល់៤០៨,៦៣៤នាក់។ ប៉ុន្តែទន្ទឹមគ្នានេះ អ្នកជំងឺចំនួន២៩នាក់ ទើបតែបានបាត់បង់ជីវិត ដែលសរុបមកទល់ឥឡូវ ករណីសរុបនៃអ្នកជំងឺ COVID-19 នៅហ្វីលីពីនដែលបានស្លាប់កើនដល់៨,៥៥៤នាក់។
គួរបញ្ជាក់ថា ក្រសួងសុខាភិបាលហ្វីលីពីន បានធ្វើតេស្តលើមនុស្សសរុប៥.៥៩លាននាក់ហើយនៅក្នុងប្រទេសខ្លួន ដើម្បីស្វែងរកមេរោគ COVID-19 ខណៈប្រទេសនេះមានប្រជាជនសរុបចំនួនប្រមាណ១១០លាននាក់៕