(វ៉ាស៊ីនតោន)៖ សភាតំណារាស្ត្រអាមេរិក គ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ នៅថ្ងៃពុធសប្ដាហ៍នេះ បានចោទប្ដឹងដកតំណែងលោក ដូណាល់ ត្រាំហើយ ពីបទញុះញង់ឱ្យ ក្រុមកុបករគាំទ្ររូបលោក សម្រុកចូលវាយប្រហារវិមានសភា ដែលបណ្ដាលឱ្យមនុស្ស ៥នាក់ស្លាប់ កាលពីថ្ងៃទី០៦ ខែមករាកន្លងទៅនេះ។ ប៉ុន្តែ ក្រុមអ្នកច្បាប់មួយចំនួនយល់ថាប្រធានាធិបតីអាមេរិកជិតផុតអាណត្តិរូបនេះ ទំនងជានឹងមិនត្រូវបានកាត់ទោសពីបទឧក្រិដ្ឋនេះនោះទេ ដោយសារតែសហរដ្ឋអាមេរិក មានច្បាប់ការពារសេរីភាពបញ្ចេញមតិយ៉ាង ទូលំទូលាយ។
ខាងក្រោមនេះការពន្យល់ត្រួសៗរបស់ក្រុមអ្នកច្បាប់ដែលយល់ថាលោក ត្រាំ អាចនឹងរួចខ្លួនពីការកាត់ទោសពីបទឧក្រិដ្ឋ៖
*តើលោក ត្រាំ បាននិយាយអ្វីខ្លះនៅក្នុងសុន្ទរកថារបស់លោក?
អស់រយៈពេលជាង២ខែមកនេះ ពោលគឺក្រោយការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០មក លោក ដូណាល់ ត្រាំ នៅតែចោទប្រកាន់ម្ដងហើយម្ដង ទៀតថាការបោះឆ្នោតត្រូវបានលួចបន្លំ បើទោះជាពាក្យបណ្ដឹងតាមផ្លូវច្បាប់ជំទាស់លទ្ធផលបោះឆ្នោតរបស់លោក ត្រូវបានតុលាការច្រានចោលក៏ដោយ។ កាលពីថ្ងៃទី០៦ ខែមករា ខណៈសមាជិកសភា ជួបជុំប្រកាសទទួលស្គាល់ជ័យជម្នះរបស់លោក ចូ បៃដិន ជាផ្លូវការ លោក ត្រាំ បានថ្លែងសុន្ទករថាមួយនៅក្បែរសេតវិមាន និងបានលើកទឹកចិត្តក្រុមអ្នកគាំទ្រ របស់លោកដោយប្រើពាក្យ «តស៊ូប្រយុទ្ធ»។ លោក ត្រាំ ត្រូវបានគេរាយការណ៍ថាបានប្រើប្រាស់ពាក្យ «តស៊ូប្រយុទ្ធ» នេះ ច្រើនជាង២០ដង។
លោក ត្រាំ បានថ្លែងទៅកាន់ក្រុមអ្នកគាំទ្រ ឱ្យពួកគេត្រូវតែរឹងមាំឡើង មុននឹងប្រាប់ឱ្យក្រុមអ្នកគាំទ្រដែលលោកហៅថាជា «អ្នកស្នេហាជាតិ» ដើរជាក្បួនដង្ហែរទៅកាន់វិមានសភា ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ តែក្នុងសុន្ទរថានោះ លោក ត្រាំ ក៏បានប្រាប់ឱ្យអ្នកគាំទ្រត្រូវប្រកាន់ភ្ជាប់ «សន្តិភាព» ផងដែរ ហើយលោកបានត្រឡប់ទៅកាន់សេតវិមានវិញ និងត្រូវបាន គេរាយការណ៍ថា បានទស្សនាភាពចលាចលនៅឯវិមានសភា តាមកញ្ចក់ទូរទស្សន៍ទៀតផង។ លោក ត្រាំ បានច្រានចោលរាល់ការទទួលខុសត្រូវ ចំពោះអ្វីដែលបានកើតឡើងនៅ វិមានសភា ដោយអះអាងប្រាប់ក្រុមអ្នកសារព័ត៌មានថា ពាក្យសម្ដីរបស់លោកត្រូវបានគេយកទៅវិភាគ ហើយថាអ្នកគ្រប់គ្នាសុទ្ធតែដឹងថាពាក្យសម្ដីរបស់លោកគ្មានអ្វីទាស់ខុស នោះទេ។
*តើមានបទឧក្រិដ្ឋអ្វី អាចចោទប្រកាន់លើលោក ត្រាំ?
ច្បាប់សហព័ន្ធអាមេរិក បានចាត់ទុកថា វាជាបទឧក្រិដ្ឋ ចំពោះការចូលរួម ឬប្រព្រឹត្តសកម្មភាពឧទ្ទាម ឬបះបោរប្រឆាំងរដ្ឋាភិបាលសហព័ន្ធ។ រដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី ឬគេស្គាល់ថា District of Columbia មានច្បាប់ព្រហ្មទណ្ឌផ្ទាល់ខ្លួន ដែលបានចែងថាជនណាដែលបានញុះញង់ ឬជំរុញឱ្យអ្នកដទៃប្រព្រឹត្ត ឬចូលរួមក្នុងកុបកម្មហិង្សា នឹងត្រូវប្រឈមមុខនឹងការ ពិន័យ ឬត្រូវជាប់ពន្ធនាគារ ១៨០ថ្ងៃ។
*តើលោក ត្រាំ មានអ្វីការពារខ្លួន?
បើតាមក្រុមអ្នកជំនាញច្បាប់ លោក ដូណាល់ ត្រាំ មានសំអាងការពារខ្លួនឯងយ៉ាងរឹងមាំ នោះគឺច្បាប់ការពារសេរីភាពបញ្ចេញមតិ ដែលមានចែងនៅក្នុងច្បាប់វិសោធនកម្មទី១ នៃរដ្ឋធម្មនុញ្ញអាមេរិក។ ក្រុមអ្នកច្បាប់ទាំងនេះ បានបន្ថែមថា លោក ត្រាំ អាចការពារខ្លួនតាមរយៈការអះអាងថា សុន្ទរកថា ឬអ្វីដែលលោកបាននិយាយ គឺមិនបាននិយាយដោយ ផ្ទាល់ចំពោះនរណាម្នាក់ឡើយ ហើយពាក្យថា «តស៊ូប្រយុទ្ធ» ក៏មិនមែនមានន័យថា លោកចង់សំដៅទៅលើការវាយប្រហារលើវិមានសភានោះដែរ។ នៅត្រង់ចំណុចនេះ ក្រុមអ្នក ច្បាប់ចង់ពន្យល់ថា បើសិនជាគេចង់ចោទប្រកាន់លោក ដូណាល់ ត្រាំ ពីបទឧក្រិដ្ឋ រដ្ឋអាជ្ញាអាមេរិកត្រូវតែរកឃើញភស្តុតាង ឬបង្ហាញឱ្យបានថាអ្វីដែលលោក ត្រាំ បាននិយាយគឺជា ការញុះញង់ដោយផ្ទាល់ ឬជាក់ស្ដែងឱ្យអ្នកដទៃប្រព្រឹត្តអំពើខុសច្បាប់។
*តើលោក ត្រាំ នឹងត្រូវបានកាត់ទោសពីបទក្រិដ្ឋឬទេ?
ផ្អែកលើស្ថានភាពបច្ចុប្បន្ន ក្រុមអ្នកជំនាញផ្នែកច្បាប់ នៅតែមានការសង្ស័យចំពោះរដ្ឋបាលថ្មីរបស់លោក ចូ បៃដិន ថាអាចនឹងចោទប្រកាន់តាមផ្លូវច្បាប់ប្រឆាំងអតីតប្រធានាធិបតី ម្នាក់ដូចជាលោក ដូណាល់ ត្រាំ។ ដ្បិត ការធ្វើបែបនេះអាចនឹងបង្កឧបសគ្គដល់លោក បៃដិន ក្នុងការផ្សះផ្សាជាតិ ហើយវាមានតែធ្វើឱ្យនយោបាយអាមេរិកកាន់តែបែកបាក់ខ្លាំង ឡើងប៉ុណ្ណោះ។ ដូចពាក្យចាស់មួយពោលថា «ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី»។
លោក ចូ បៃដិន ធ្លាប់បានលើកឡើងថា ការកាត់ទោសលោក ត្រាំ អាចនឹងក្លាយជារឿងអាក្រក់សម្រាប់សហរដ្ឋអាមេរិក។ ប៉ុន្តែ លោកថានឹងមិនលូកដៃចូល ក្នុងកិច្ចការរបស់តុលាការ ឬក៏ក្រសួងយុត្តិធម៌អាមេរិក នោះឡើយ។ លើសពីនេះទៅទៀត រដ្ឋអាជ្ញាកំពូលម្នាក់ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី០៨ ខែមករាដែរថា លោកមិនរំពឹងថាបានឃើញ លោក ត្រាំ ត្រូវបានចោទប្រកាន់ ឬក៏ត្រូវបានកាត់ទោសពីបទឧក្រិដ្ឋ ញុះញង់ឱ្យប្រព្រឹត្តអំពើហិង្សានោះដែរ។
គួរបញ្ជាក់ថា តាមរយៈការចោទប្ដឹងដកដំណែងលោក ដូណាល់ ត្រាំ ពីសំណាក់សភាតំណារាស្ត្រអាមេរិក គ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យកាលពីថ្ងៃពុធសប្ដាហ៍នេះ បាន ធ្វើឱ្យលោក ត្រាំ ក្លាយជាប្រធានាធិបតីដំបូងបំផុតនៅក្នុងសហរដ្ឋអាមេរិក ដែលត្រូវបានសភាតំណារាស្ត្រអាមេរិកចោទប្ដឹងដកដំណែងដល់ទៅ២លើក។ ការចោទប្ដឹងដកតំណែង លោក ត្រាំ ដោយផ្អែកលើច្បាប់វិសោធនកម្មទី២៥ នឹងត្រូវបញ្ជូនបន្តទៅកាន់ព្រឹទ្ធសភា៕
ប្រភព៖ Reuters