(ហ្សាការតា)៖ ទីភ្នាក់ងារស្រាវជ្រាវ និងជួយសង្រ្គោះនៃប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃសុក្រនេះ បានសម្រេចចិត្តបន្ថែមពេលវេលា ៣ថ្ងៃទៀត ដើម្បីតាមរកជនរងគ្រោះ ក្នុងសោកនាដកម្មធ្លាក់យន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Sriwijaya រួមទាំងប្រអប់ខ្មៅផ្ទុកសំឡេង និងសម្ភារដទៃទៀត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ ងារព័ត៌មានចិនស៊ីនហួ នៅថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០២១។
ថ្លែងប្រាប់អ្នកសារព័ត៌មាន នាយកទីភ្នាក់ងារស្រាវជ្រាវ និងជួយសង្រ្គោះ លោក Bagus Puruhito បានគូសបញ្ជាក់ដូច្នេះថា៖ «យើងបានសម្រេចចិត្តថាប្រតិបត្តិការ តាមរក និងជួយសង្រ្គោះ ដើម្បីតាមរកជនរងគ្រោះក្នុងសោកនាដកម្មធ្លាក់យន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Sriwijaya នឹងត្រូវបន្ថែម៣ថ្ងៃទៀត ពោលគឺ រហូតដល់ថ្ងៃចន្ទ ដើមសប្ដាហ៍ក្រោយ»។
គួរបញ្ជាក់ថា យន្ដហោះដឹកអ្នកដំណើរ Boeing 737-500 របស់ក្រុមហ៊ុនអាកាសចរណ៍ Sriwijaya មានផ្ទុកមនុស្ស ៦២នាក់ បានធ្លាក់ចូលក្នុងសមុទ្រជ្វា កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន តែប៉ុន្មាននាទីប៉ុណ្ណោះបន្ទាប់ពីហោះចេញពីអាកាសយានដ្ឋាន ក្នុងរដ្ឋធានីហ្សាការតា ឆ្ពោះទៅកាន់ទីក្រុង Pontianak នៃខេត្ត កាលីម៉ាន់តាន់ ភាគខាងលិច។
អាជ្ញាធរឥណ្ឌូណេស៊ី បានបញ្ជូននាវា ៦២គ្រឿង, ទូក២១គ្រឿង និងយន្ដហោះ១៣គ្រឿងឱ្យចូលរួមក្នុងប្រតិបត្តិការជួយសង្រ្គោះ។ មកទល់នឹងពេលនេះ មូលហេតុ ធ្លាក់យន្ដហោះ Boeing 737-500 មិនទាន់ត្រូវបានគេបញ្ជាក់នៅឡើយទេ។ តែក្រុមអ្នកមុជទឹកបានរកឃើញប្រអប់ខ្មៅផ្ទុកទិន្នន័យហើយ ខណៈថង់ដាក់សពចំនួន ២៣៩ មានផ្ទុកបំណែកសាកសព ដែលត្រូវបានស្រង់ចេញពីទឹក ហើយជនរងគ្រោះ១២នាក់ ត្រូវបានបញ្ជាក់អត្តសញ្ញាណ៕