(ហ្សាការតា)៖ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី នៅថ្ងៃសុក្រនេះបានរាយការណ៍ឲ្យដឹងថា ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ៣៥នាក់ហើយ និងជាង ៦៣៧នាក់ទៀតរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៦.២រ៉ិចទ័របានវាយប្រហារខេត្តស៊ូឡាវ៉េស៊ីខាងលិច ( West Sulawesi) ដែលស្ថិតនៅលើកោះ Sulawesi ភាគកណ្ដាលនៃប្រទេសឥណ្ឌូណេស៊ីតែម្តង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០២១។
ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា គ្រោះរញ្ជួយដីខាងលើ កើតឡើងនៅចំងាយ ៦គីឡូម៉ែត្រពីភាគឦសាន្តទីក្រុង ម៉ាចេណេ (Majene) ដោយមានជម្រៅរញ្ជួយទៅក្នុងដី ១០គីឡូម៉ែត្រ។ អ្នកស្រុករាប់ពាន់នាក់ បានភៀសខ្លួនចេញពីផ្ទះសម្បែង និងកំពុងស្នាក់នៅទីកន្លែងសុវត្ថិភាព ជាបណ្តោះអាសន្ន បន្ទាប់ពីបានរងការវាយប្រហារដោយគ្រោះរញ្ជួយដី ប៉ុន្តែវាមិនមានការព្រមានពីរលកយក្សស៊ូណាមិនោះឡើយ ខណៈការញ័ររញ្ជួយកម្រិតខ្លាំង បានកើតមានឡើងតែ ៧វិនាទីប៉ុណ្ណោះ។
ទីភ្នាក់ងារខាងលើ បានគូសបញ្ជាក់បន្ថែមថា សណ្ឋាគារមួយ និងការិយាល័យរបស់អភិបាលខេត្តដីកោះ Sulawesi ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយការផ្គត់ផ្គង់អគ្គិសនី ក៏ត្រូវបានកាត់ផ្តាច់ផងដែរ។ ដោយឡែកមន្ទីរពេទ្យមួយនៅតំបន់ ម៉ាមូជូ (Mamuju) ក៏បានរងការបំផ្លិចបំផ្លាញផងដែរ ដែលជាហេតុធ្វើឲ្យអ្នកជំងឺទាំងអស់ ជាប់គាំងនៅក្នុងអគារនោះ រង់ចាំក្រុមជួយសង្គ្រោះ។
គួរបញ្ជាក់ថា ប្រទេសឥណ្ឌូណេស៊ី ជាប្រទេសមួយ ដែលស្ថិតនៅលើតំបន់ខ្សែក្រវ៉ាត់ភ្លើង (Ring of fire) នៃមហាសមុទ្រប៉ាស៊ីហ្វិក ដូច្នេះប្រទេសអាស៊ានមួយនេះ តែងតែរងការវាយប្រហារជាញឹកញាប់ ដោយគ្រោះរញ្ជួយដី និងបន្ទុះភ្នំភ្លើងជាដើម។ កាលពីឆ្នាំ២០១៨ គ្រោះរញ្ជួយដីកម្រិត ៦.២រ៉ិចទ័រដ៏សាហាវ ជាមួយនឹងរលកយក្សស៊ូណាមិ បានវាយប្រហារទីក្រុង ប៉ាលូ (Palu) ដែលស្ថិតនៅលើកោះ Sulawesi នេះដូចគ្នា ដោយបានសម្លាប់មនុស្សរាប់ពាន់នាក់៕