(ប៉ារីស)៖ ទីភ្នាក់ងារសារព័ត៌មានបារាំង AFP នៅថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០២១នេះ បានរាយការណ៍ឲ្យដឹងថា ករណីឆ្លង COVID-19 ច្រើនជាង៣០លានករណី ត្រូវបានកត់ត្រាជាផ្លូវការនៅក្នុងទ្វីបអឺរ៉ុប។
បើតាម AFP ប្រទេសចំនួន៥២ ដែលរាប់បញ្ចូលទាំងប្រទេសរុស្ស៊ី គឺជាចំណុចដែលរងផលប៉ះពាល់ខ្លាំងបំផុត នៅក្នុងពិភពលោក ទាក់ទងនឹងចំនួននៃករណីឆ្លង COVID-19 តាមពីក្រោយដោយសហរដ្ឋអាមេរិក និងកាណាដា ដែលបានកត់ត្រានូវករណីឆ្លងសរុបចំនួន ២៣,៩៩៤,៥០៧ករណី។ ចំណែកឯ តំបន់អាមេរិកឡាទីន និងការ៉ាបៀន បានកត់ត្រានូវករណីឆ្លងសរុបចំនួន ១៦,៩៨៩,៦២៨ករណី ខណៈតំបន់អាស៊ី បានកត់ត្រានូវករណីឆ្លងសរុបចំនួន ១៤,៤៨៥,៥៨៨ករណី។
គួរបញ្ជាក់ថា ទ្វីបអឺរ៉ុប នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះ បានក្លាយជាទ្វីបដំបូងគេនៅលើពិភពលោក ដែលបានកត់ត្រានូវករណីស្លាប់ដោយសារ COVID-19 ជាងកន្លះលាននាក់៕