(មូស្គូ)៖ ក្រសួងការបរទេសរុស្ស៊ីបានធ្វើការអត្ថាធិប្បាយលើការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ចំពោះការដាក់បញ្ចូលឈ្មោះប្រទេសគុយបាទៅក្នុងបញ្ជីខ្មៅនៃប្រទេស ដែលគាំទ្រអំពើភេរវកម្មថាជា«រឿងភូតកហុក និងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះខ្លួនឯង»។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០២១។
អ្នកនាំពាក្យរបស់ក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានលើកឡើងថា«នៅពេលទីក្រុងវ៉ាស៊ីនតោន ចោទប្រកាន់ទីក្រុងហាវ៉ាណាថា បានឧបត្ថម្ភដល់ក្រុមភេរវករ តើនេះមិនមែនជាព័ត៌មានក្លែងក្លាយទេឬ ដែលសហរដ្ឋអាមេរិកកំពុងតែប្រយុទ្ធជាមួយ? នេះគឺជាការកុហក ដែលត្រូវបានផ្តល់ឋានៈជាផ្លូវការ។
នៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍របស់ខ្លួន លោកស្រី Maria Zakharova បានហៅសេចក្តីសម្រេចចិត្តរបស់សហរដ្ឋអាមេរិកថានេះជា «ការផ្លាស់ប្តូរដែលមិនមានលក្ខណៈស្ថាបនា» ដែលបង្ហាញយ៉ាងច្បាស់ពីអសមត្ថភាពរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការបន្តគោលនយោបាយការបរទេសជាប់លាប់ដោយផ្អែកលើគោលបំណងជាក់ស្តែង។
លោកស្រីបានបន្ថែមទៀតថា តាមរយៈការដាក់គុយបាចូលក្នុងបញ្ជីខ្មៅ វានឹងធ្វើឲ្យសហរដ្ឋអាមេរិកបាត់បង់ភាពជឿជាក់ ពីសំណាក់ក្រសែភ្នែកមនុស្សគ្រប់គ្នា ខណៈដែលប្រទេសជុំវិញពិភពលោក កំពុងរងគ្រោះធ្ងន់ធ្ងរដោយសារជំងឺ COVID-19។
គួរបញ្ជាក់ថា រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា ប្រទេសគុយបាត្រូវបានគេកំណត់ថាជា អ្នកឧបត្ថម្ភនិងគំាទ្រភេរវកម្មអន្តរជាតិ តាមរយៈការផ្តល់កំពង់ផែសុវត្ថិភាពដល់ភេរវករ។
ប្រទេសគុយបាត្រូវបានសហរដ្ឋអាមេរិក ចាត់ថ្នាក់ជាប្រទេសដែលឧបត្ថម្ភអំពើភេរវកម្ម ជាលើកដំបូងកាលពីឆ្នាំ១៩៨២ ហើយត្រូវបានដកចេញពីបញ្ជីខ្មៅនៅឆ្នាំ២០១៥ ក្រោមអតីតរដ្ឋបាលរបស់លោក បារ៉ាក់ អូបាម៉ា ខណៈប្រទេសទាំងពីរ បានបង្កើតទំនាក់ទំនងការទូតឡើងវិញ។ ទោះជាយ៉ាងណា អ្វីៗបានប្រែជាអាក្រក់ដូចមុនវិញ នៅក្រោយរដ្ឋបាលលោក ដូណាល់ ត្រាំ ស្បថចូលកាន់អំណាចជាផ្លូវការ កាលពីខែមករា ឆ្នាំ២០១៧៕